នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង” ។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « កម្មវិធីឧបត្ថម្ភទឹកប្រាក់ដល់ស្រ្ដីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូន គឺយើងបានធ្វើរួចមកហើយ ហើយក្នុងរយៈពេលប្រមាណ ៣ខែមកនេះ រដ្ឋាភិបាលចំណាយថវិកាជិត ៥លានដុល្លារ សម្រាប់ការឧបត្ថម្ភថ្មីៗជូនទៅដល់ស្រ្ដីមានផ្ទៃពោះ។ អ៉ីចឹងមិនមែនយើងនិយាយលេងៗទេ គឺបានផលជាក់ស្ដែងទៅដល់បងប្អូន »
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ផងដែរថា កាលពីឆ្នាំ១៩៩៨ មានចំនួនប្រជាជន ៨៤០០០នាក់ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋចំនួន១៤ម៉ឺននាក់ ហើយសង្ឃឹមថា ឆ្នាំ២០៣៣នឹងមានប្រជាពលរដ្ឋរហូតដល់កន្លះលាននាក់៕





អត្ថបទ៖ លីនី


