ក្រុមហ៊ុនធំៗជាច្រើននៅក្នុងក្រុងឈីងតាវ ប្រទេសចិន បាននិងកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កាលពីល្ងាចថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Luming ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ ក្នុងដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិន នៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីប្រធានក្រុមហ៊ុនធំជាច្រើនក្នុងក្រុងឈីងតាវដែលកំពុងសម្លឹងមើលឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម Wang Luming បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីនូវសក្ដានុពលសំខាន់ក្នុងក្រុងឈីងតាវ ដូចជាភាពមមារញឹកនៃកំពង់ផែនិងចរាចរណ៍កុងតឺន័រ សកម្មភាពសេដ្ឋកិច្ចនិងឧស្សាហកម្ម ក៏ដូចភាពលេចធ្លោលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ផងដែរ។ ស្របតាមមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិន និងការសហការកន្លងមករវាងកម្ពុជា និងក្រុងឈីងតាវ ឯកឧត្តមបានបង្ហាញជំហរក្នុងការជួយជំរុញឱ្យមានកិច្ចការងារវិនិយោគ ព្រមទាំងមានកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត សំដៅបង្កើនភាពជិតស្និទ្ធ ក៏ដូចជាដើម្បីពង្រីកឱកាសការងារជូនប្រជាជនកម្ពុជាផងដែរ។
ក្នុងអង្គប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនដល់ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ ដែលបានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅជូនដល់គណៈប្រតិភូកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបលើការលើកឡើងអំពីភាពជិតស្និទ្ធនៃមិត្តភាពរឹងមាំរវាងកម្ពុជា-ចិន ដែលនាំមកនូវកិច្ចសហប្រតិបត្តិការ និងកិច្ចការងារវិនិយោគជាច្រើន ហើយជាក់ស្ដែងប្រទេសចិនបានក្លាយជាប្រទេសទី១ដែលវិនិយោគច្រើនជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ កម្ពុជាមានគោលបំណងក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចចក្ខុវិស័យនេះទាមទារឱ្យមានការចូលរួមពីវិស័យឯកជនផងដែរ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួរនាទីជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំវិនិយោគិន ដើម្បីសម្រេចបាននូវភាពរីកចម្រើនរបស់ក្រុមហ៊ុនវិនិយោគនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមផងដែរអំពី គំនិតផ្ដួចផ្ដើមរវាងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានកំណត់ឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន សំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមថែមទៀត។
គួរបញ្ជាក់ផងដែរថា នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ ដដែលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តចុះទស្សនកិច្ចរោងចក្រ នៃក្រុមហ៊ុន និងសហគ្រាសចំនួន៣ផ្សេងទៀតរួមមាន ១). ក្រុមហ៊ុន MESNAC គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤០ហិកតាដែលជាក្រុមហ៊ុនផលិតនិងនាំចេញឧបករណ៍កែច្នៃកៅស៊ូធំមួយក្នុងប្រទេសចិន។ ២). ក្រុមហ៊ុន KenGic គឺជាក្រុមហ៊ុនដែលប្រតិបត្តិការលើដំណោះស្រាយប្រព័ន្ធផលិតកម្មឆ្លាតវៃ ការដឹកជញ្ជូនឆ្លាតវៃ និងក៏ជាមូលដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍ឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដែលផ្គត់ផ្គង់គ្រឿងចក្រទៅបណ្ដាក្រុមហ៊ុនធំៗនៅលើពិភពលោក និងប្រមាណជាង២០ប្រទេសក្នុងតំបន់អាស៊ីរួមទាំងកម្ពុជាផងដែរ។ ៣). Kinger Robot គឺជាសហគ្រាសបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលប្រតិបត្តិការរចនា ការផលិត ការលក់ និងសេវាកម្មឧបករណ៍ឆ្លាតវៃរបស់មនុស្សយន្ត ប្រព័ន្ធរោងចក្រឆ្លាតវៃនិងប្រព័ន្ធឃ្លាំង និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ដែលបានផ្គត់ផ្គង់ផលិតផលទៅក្រុមហ៊ុនធំៗជាច្រើនមានជាអាថិ៍ក្រុមហ៊ុន Huawei ក្រុមហ៊ុន Ford និងក្រុមហ៊ុន Toyotaជាដើម៕







អត្ថបទ៖ លីនី


