ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកកិច្ចប្រជុំពិភាក្សាពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងសម្រេចរៀបចំបេសកកម្មចុះពិនិត្យស្ថានភាពអាកាសយានដ្ឋាននាពេលឆាប់ៗខាងមុខ
សេដ្ឋកិច្ច January 4, 2024 Khmernote

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅទីស្តីការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ អង្គប្រជុំ បានជជែកពិភាក្សាយ៉ាងផុលផុស និងបានសម្រេចរៀបចំបេសកកម្ម ចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានការចង្អុលបង្ហាញដោយផ្ទាល់ ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតឱ្យមានក្រុមការងារចំពោះកិច្ចដោះស្រាយលើតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

បន្ទាប់ពីការចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានរួចរាល់ ក្រុមការងារចំពោះកិច្ចគ្រោងនឹងជួបជជែកពិភាក្សាជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) សំដៅរួមគ្នាស្វែងរកដំដោះស្រាយសមស្រប ជូនដល់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាប់ផងដែរថា កិច្ចប្រជុំក្រុមការងារចំពោះកិច្ច ពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានការចូលរួមពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងឯកឧត្តមអភិបាលរង​ នៃគណៈអភិបាល​ខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ៕

អត្ថបទ៖ លីនី