តំណាងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរក្នុងខេត្តសៀមរាប សំណូមពររដ្ឋបាលខេត្ត សុំបញ្ឈប់ការជួលម៉ូតូ កង់ ឱ្យភ្ញៀវបរទេសជិះ ដែលធ្វើឱ្យបាត់ចំណូលរបស់បងប្អូន រ៉ឺម៉កកង់បី និងផាស្អាប់
សេដ្ឋកិច្ច January 4, 2024 Khmernote

តំណាងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរក្នុងខេត្តសៀមរាប សំណូមពរទៅកាន់រដ្ឋបាលខេត្តសៀមរាប សុំបញ្ឈប់ការជួលម៉ូតូ កង់ឲ្យភ្ញៀវបរទេសចរជិះ ដែលធ្វើឲ្យបាត់ចំណូលរបស់បងប្អូន រ៉ឺម៉កកង់បី និងផាស្អាប់។ នេះបើយោងតាមការដកស្រង់ពីការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។

ការសំណូមពររបស់បងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាសជួបពិភាក្សាការងារ ក្រោមវត្តមានលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប តំណាងឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) និងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់ ដើម្បីធ្វើការលើកឡើងពីបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ការសំណូមពរត្រូវបានធ្វើឡើង បន្ទាប់ពីលោក លី សំរិទ្ធ បានសូមឲ្យបងប្អូនដែលជាតំណាងអ្នកដឹកភ្ញៀវទេសចរ លើកជាសំណើ/សំណូមពរ ដែលមកបងប្អូនចង់បាននៅចំពោះមុខនេះ ដើមី្បរដ្ឋបាលខេត្ត លើកយកនូវសំណើ/សំណូមពរ ទាំងនោះ ដាក់ជូនទៅរាជរដ្ឋាភិបាល ធ្វើការដោះស្រាយជូនបងប្អូន ព្រោះអាជ្ញាធរខេត្តមិនមានសិទ្ធសម្រេចនោះឡើយ គឺមានតែរាជរដ្ឋាភិបាល និងក្រុមហ៊ុននោះទេ។

ទន្ទឹមនឹងនេះដែរ ក្រៅពីសំណូមពរខាងលើ តំណាងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ ក៏បានលើកឡើងនូវសំណើ និងសំណូមពរមួយចំនួនទៀត ដោយផ្តោតទៅលើកម្រៃសេវាផ្លូវ និងចំណតនៅព្រលានតម្លៃខ្ពស់, សុំឲ្យធ្វើចំណតរថយន្តនៅក្រៅព្រលានសម្រាប់រង់ចាំដឹកភ្ញៀវចេញពីព្រលាន និងពេលចេញពីចំណតរង់ចាំចូលទៅដឹកភ្ញៀវកុំឲ្យគិតថ្លៃម្តងទៀត និងករណីទីចំណតនៅទីប្រជុំជនក្នុងក្រុង មិនទាន់បានរៀបរយ។

សូមជម្រាបផងដែរថា ជុំវិញការលើកជាសំណើ/សំណូមពរនេះ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រាល់សំណើ និងសំណូមពរ ដែលបងប្អូនបានលើកឡើងនេះ ថ្នាក់ដឹកនាំខេត្ត នឹងរាយការណ៍ជូនទៅថ្នាក់ជាតិ ដើមី្បដាក់ប្រជុំនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ដើមី្បធ្វើការសម្រេច។ ជាមួយគ្នានោះប្រសិនបើមានបញ្ហាអ្វីកើតឡើង សូមបងប្អូនធ្វើសំណើរ ឬសំណូមពរដល់អាជ្ញាធរខេត្ត ដើមី្បធ្វើការដោះស្រាយជូនបងប្អូន ព្រោះទុក្ខកង្វល់របស់បងប្អូនក៏ដូចជាទុក្ខលំបាករបស់អាជ្ញាធរផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប