រដ្ឋបាលខេត្តសៀមរាប បានស្នើក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពិចារណាលើការមិនគិតថ្លៃសេវា ចំពោះការចតនៅចំណតអាកាសយានដ្ឋានត្រឹមរយៈពេល ១៥នាទី ដើម្បីលើកទឹកចិត្ត និងសម្រួលជូនដល់អ្នកដឹកភ្ញៀវ
សេដ្ឋកិច្ច January 4, 2024 Khmernote

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបបានលើកឡើងថា រដ្ឋបាលខេត្តបានស្នើក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពិចារណាលើការយកថ្លៃសេវា ចំពោះការចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងរយៈពេល ១៥នាទី គួរពុំគិតថ្លៃ ដើម្បីលើកទឹកចិត្ត និងសម្រួលជូនដល់អ្នកដឹកភ្ញៀវចេញចូលអាកាសយានដ្ឋាន និងស្នើសុំឲ្យមានការពិចារណាលើការបន្ធូបន្ថយ ក្នុងកម្រិតណាមួយ សមស្របដែលអាចដោះស្រាយបញ្ហានេះរួមគ្នាបាន។

អភិបាលរងខេត្តសៀមរាប បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលរូបលោកជាតំណាងឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមនឹងមន្ត្រីពាក់ព័ន្ធ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) និងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់ ដើម្បីធ្វើការលើកឡើងពីបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីព្រឹកថ្ងៃទី០៣ ខែមករា​ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោក លី សំរិទ្ធ បានសូមឲ្យបងប្អូនដែលជាតំណាងអ្នកដឹកភ្ញៀវទេសចរ លើកជាសំណើ/សំណូមពរ ដែលបងប្អូនចង់បាននៅចំពោះមុខនេះ ដើមី្បរដ្ឋបាលខេត្ត លើកយកនូវសំណើ/សំណូមពរទាំងនោះ ដាក់ជូនទៅរាជរដ្ឋាភិបាល ធ្វើការដោះស្រាយជូនបងប្អូន ព្រោះអាជ្ញាធរខេត្តមិនមានសិទ្ធសម្រេចនោះឡើយ គឺមានតែរាជរដ្ឋាភិបាល និងក្រុមហ៊ុននោះទេ។ លោកបន្តថា យោងតាមកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ រួចមក ជាលទ្ធផល គឺរួមគ្នាបន្តពិនិត្យ និងពិភាក្សាលើតម្លៃសេវារថយន្តដឹកភ្ញៀវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីរកដំណោះស្រាយសមស្របសម្រាប់សម្រួល និងកាត់បន្ថយលើការចំណាយនៃសេវាប្រើប្រាស់ផ្លូវ និងចំណត។ ក្នុងនោះរដ្ឋបាលខេត្ត ក៏បានស្នើក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពិចារណាលើការយកថ្លៃសេវា ចំពោះការចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងរយៈពេល ១៥នាទី គួរពុំគិតថ្លៃ ដើម្បីលើកទឹកចិត្ត និងសម្រួលជូនដល់អ្នកដឹកភ្ញៀវចេញចូលអាកាសយានដ្ឋាន និងស្នើសុំឲ្យមានការពិចារណាលើការបន្ធូបន្ថយ ក្នុងកម្រិតណាមួយ សមស្របដែលអាចដោះស្រាយបញ្ហានេះរួមគ្នាបាន។

បើតាមតំណាងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរ បានលើកឡើងនូវសំណើ និងសំណូមពរមួយចំនួន ដោយផ្តោតទៅលើកម្រៃសេវាផ្លូវ និងចំណតនៅព្រលានតម្លៃខ្ពស់, សុំឲ្យធ្វើចំណតរថយន្តនៅក្រៅព្រលានសម្រាប់រង់ចាំដឹកភ្ញៀវចេញពីព្រលាន និងពេលចេញពីចំណតរង់ចាំចូលទៅដឹកភ្ញៀវកុំឲ្យគិតថ្លៃម្តងទៀត, សំណូមពរសុំបញ្ឈប់ការជួលម៉ូតូ កង់ឲ្យភ្ញៀវបរទេសជិះ ដែលធ្វើឲ្យបាត់ចំណូលរបស់បងប្អូន រ៉ឺម៉កកង់បី និងផាស្អាប់ និងករណីទីចំណតនៅទីប្រជុំជនក្នុងក្រុង មិនទាន់បានរៀបរយ។

ជុំវិញការលើកជាសំណើ/សំណូមពរនេះ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រាល់សំណើ និងសំណូមពរដែលបងប្អូនបានលើកឡើងនេះ ថ្នាក់ដឹកនាំខេត្ត នឹងរាយការណ៍ជូនទៅថ្នាក់ជាតិ ដើមី្បដាក់ប្រជុំនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ដើមី្បធ្វើការសម្រេច។ ជាមួយគ្នានោះប្រសិនបើមានបញ្ហាអ្វីកើតឡើង សូមបងប្អូនធ្វើសំណើរ ឬសំណូមពរដល់អាជ្ញាធរខេត្ត ដើមី្បធ្វើការដោះស្រាយជូនបងប្អូន ព្រោះទុក្ខកង្វល់របស់បងប្អូនក៏ដូចជាទុក្ខលំបាករបស់អាជ្ញាធរផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប