ប្រតិភូចិន មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ផ្ដោតលើវិស័យកែច្នៃកសិផលកម្ពុជាដើម្បីនាំចេញទៅទីផ្សារប្រទេសចិន
សេដ្ឋកិច្ច December 30, 2023 Khmernote

ប្រតិភូចិនមួយក្រុម មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្ដោតលើវិស័យកែច្នៃកសិផលកម្ពុជាដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នេះ។

តាមរយៈការបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួន ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ឱ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Chinese Secretariat of MLC Cross-border Economic Cooperation ដឹកនាំដោយ លោក Ma Jun អគ្គនាយករងនៃមន្ទីរពាណិជ្ជកម្មខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ជាច្រើនរូប។

គោលបំណងរបស់គណៈប្រតិភូចិននៅកម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីគោលនយោបាយ និងឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យកែច្នៃកសិផលកម្ពុជាដើម្បីនាំចេញទៅទីផ្សារប្រទេសចិន៕

អត្ថបទ៖ លីនី