រដ្ឋាភិបាល ផ្តល់ការបង្រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃដល់ពលរដ្ឋរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ខណៈអ្នកមានប័ណ្ណក្រីក្រ នឹងទទួលបានប្រាក់ឧបត្ថម្ភជារៀងរាល់ខែ ចំនួន ២៨ម៉ឺនរៀល
សេដ្ឋកិច្ច December 27, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលប្រកាសផ្តល់អាហារូបករណ៍ដល់ពលរដ្ឋដែលរស់នៅតំបន់តាឯក ដែលស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃដើម្បីឱ្យពួកគេមានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ និងអាចមានការងារសមសម្យឆាប់រហ័សសម្រាប់លើកស្ទួយជីវភាពរបស់ពួកគេនាពេលអនាគត។

ការផ្តល់នេះក្នុងអំឡុងពេលពិធីជំនួបសំណេះសំណាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាមួយពលរដ្ឋដែលរស់នៅតំបន់រុនតាឯក និងពាក់ស្នែង នាថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៣ ។ វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋ ដែលរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ឱ្យបានរៀនជំនាញបច្ចេកដោយឥតគិតថ្លៃ រៀនខ្លីៗ 4ខែចប់ ឆាប់ចប់ ឆាប់មានជំនាញ និងមានការងារធ្វើ ហើយអ្វីដែលកាន់អស្ចារ្យជាងនោះទៅទៀត ប្រសិនជាបងប្អូនមានប័ណ្ណក្រីក្រ នឹងទទួលបានប្រាក់ឧបត្ថម្ភជារៀងរាល់ខែ ចំនួន ២៨ម៉ឺនរៀលរហូតដល់រៀនចប់។

បើតាមមូលអាជ្ញាធរមូលដ្ឋាន ពលរដ្ឋនៅតំបន់រុនតាឯកបានចុះឈ្មោះចូលរៀនលើមុខជំនាញចំនួន ១៨ មានដូចជា តបណ្តាញអគ្គិសនីក្នុងអគារ បរិក្ខារត្រជាក់ ថែទាំជួសជុលរថយន្ត ជួសជុលអគ្គិសនីរថយន្ត ការតំឡើងកាមេរ៉ាសុវត្ថិភាព តបណ្តាញទឹក ការងារកំបោរ ជាងម៉ូតូ កាត់ដេរ សាឡន ម្ហូបខ្មែរ ធ្វើនំ កាត់សក់បុរស ក្រាហ្វិកកុំព្យូទ័រ កុំព្យូទ័រ សំអាងកាយ ការងាររដ្ឋបាល និងឆុងកាហ្វេ ជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន