នាវាទេសចរណ៍បរទេសមួយគ្រឿង នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ ចូលចតធ្វើទស្សនកិច្ច នៅខេត្តព្រះសីហនុ
ទេសចរណ៍ December 26, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ VASCO DA GAMA បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យភ្នាក់ងារ AKP ដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ២០២៣នេះ នាវាទេសចរណ៍បរទេសមានឈ្មោះ VASCO DA GAMA មានសញ្ជាតិ PORTUGAH មានបណ្តោយ ២១៩,៤ម៉ែត្រ ទទឹង ៣០,៨០ម៉ែត្របានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង២៥នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២១ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា VASCO DA GAMA មានចំនួន ៦១៩នាក់ ស្រីចំនួន ៣៣៨នាក់ មាន ១៧សញ្ជាតិផ្សេងគ្នា និងមាននាវិកសរុបចំនួន ៤៩១នាក់ ស្រី ៩០នាក់ មាន ៣៦សញ្ជាតិ ។ ភ្ញៀវទេសចរបរទេសដែលមានសញ្ជាតិច្រើនជាងគេមានដូចជា ភ្ញៀវសញ្ជាតិ Germany ៥៥៨នាក់, Austrian មានចំនួន ១៧នាក់,ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងទៀត ។ ក្នុងចំ ណោមភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវា VASCO DA GAMA ភ្ញៀវចូលក្នុងប្រទេស ចេញទៅសៀមរាបមានចំនួន ៦៤នាក់ ស្រី ៣៨នាក់ មាន ៣សញ្ជាតិ និងភ្ញៀវទេសចរចេញតាមសៀមរាប មានចំនួន ៤នាក់ ។

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវា VASCO DA GAMA បានធ្វើដំណើរទស្សនកិច្ចនៅតាមទីប្រជុំជននានាក្នុងក្រុងព្រះសីហនុ មានដូចជា ទីប្រជុំជនផ្សារលើ, តំបន់រមណីយដ្ឋានវប្បធម៌ (វត្ត) ,ក្នុងក្រុងព្រះសីហនុ មានដូចជា វត្តឥន្ទញ្ញាណ, វត្តជោតញ្ញាណ, តំបន់នេសាទទំនប់រលក (ភូមិ៣) សង្កាត់ លេខ១, និងតាមតំបន់ឆ្នេរសមុទ្រ ក្នុងក្រុងព្រះសីហនុ ដោយមានការជួយសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាពពីអាជ្ញាធរក្រុង ខេត្ត និងកងកម្លាំងប្រដាប់អាវុធ ។

សូមរម្លឹកថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ខេត្តព្រះសីហនុ ត្រៀមទទួលនាវាទេសចរណ៍ Waster dam ដែលនឹងនាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ប្រមាណ ៤ ០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលជាការដឹងគុណ និងថ្លែងអំណគុណដែលរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យនាវាបានចូលចតកាលពីអំឡុងនៃជំងឺរាតត្បាតកូវីដ-១៩ ដែលមានប្រទេសចំនួន៥ មិនអនុញ្ញាតឱ្យនាវា Waster dam ចូលចត ដោយសារភ័យក្លាចឆ្លងជំងឺកូវីដ-១៩៕

ប្រភព៖ ក្រសួងព័ត៌មាន