អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នាយករដ្ឋមន្ត្រីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយឱ្យក្រុមហ៊ុន Vingroup បើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ
សេដ្ឋកិច្ច December 14, 2023 Khmernote

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលព័ត៌មានថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២៥០០ គ្រឿងនៅរាជធានីភ្នំពេញ។

ការចេញសេចក្ដីថ្លែងការណ៍ច្រានចោលព័ត៌មានខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួននិងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០២៤។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ៕

ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល