ប្រមុខរដ្ឋាភិបាលកម្ពុជា និងវៀតណាម ដាក់ទិសដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ប៊ីលានដុល្លារ នៅពេលដ៏ខ្លីខាងមុខ
សេដ្ឋកិច្ច December 12, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានសម្រេចដាក់ចេញគោលដៅពាណិជ្ជកម្មទ្វេភាគីឲ្យបាន ៥ ប៊ីលានដុល្លារនៅឆ្នាំ២០២០ ហើយពាណិជ្ជកម្មទ្វេភាគីនេះមានកំណើនទ្វេដងដល់ជិត ១១ប៊ីលានដុល្លារក្នុងឆ្នាំ២០២២ ដោយឈរលើកំណើននេះ សម្តេចធិបតី និងសមភាគី ឯកឧត្តម ផាម មិញជិញ បានដាក់គោលដៅរួមគ្នា ជំរុញឱ្យពាណិជ្ជកម្មទ្វេភាគីសម្រេចឱ្យបាន ២០ប៊ីលានដុល្លារ ក្នុងពេលដ៏ខ្លីខាងមុខ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា៖ «ជាមួយនឹងទំនុកនយោបាយខ្ពស់រវាងភាគីទាំង២ កម្ពុជា-វៀតណាម យើងនឹងបន្តរួមគ្នាអនុវត្តឱ្យបានជោគជ័យនូវរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា និងទិសដៅដែលបានដាក់បន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវិបុលភាពសម្រាប់ប្រទេសជាតិយើងទាំង២”៕

ប្រភព៖ ក្រសួងព័ត៌មាន