ប្រទេសថៃ ប្រកាសថានឹងលែងចូលរួមក្នុងការប្រកួតប្រជែងអង្ករល្អបំផុតលើពិភពលោកទៀតហើយ
សេដ្ឋកិច្ច December 8, 2023 Khmernote

ប្រទេសថៃ ប្រកាសថានឹងលែងចូលរួមក្នុងការប្រកួតប្រជែងអង្ករល្អបំផុតលើពិភពលោកទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai PBS World ដែលបានចុះផ្សាយកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នេះ។

លោក Chukiat Opaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ (TREA) បាននិយាយកាលពីម្សិលមិញថា ប្រទេសថៃមិនបានចូលរួមក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោកឆ្នាំ២០២៣ ដែលធ្វើឡើងក្នុងប្រទេសហ្វីលីពីននោះទេ ហើយក៏នឹងលែងចូលរួមការប្រកួតប្រជែងនៅក្នុងឆ្នាំបន្តបន្ទាប់ទៀតផងដែរ។

ការប្រកាសរបស់លោក Chukiat បានធ្វើឡើងបន្ទាប់ពីអង្កររបស់វៀតណាម ST25 ត្រូវបានបោះឆ្នោតជ្រើសរើសជាអង្ករល្អបំផុតក្នុងចំណោមអង្ករទាំង ៣០ ដែលចូលរួមប្រកួតប្រជែង។ ជាលទ្ធផលមាន​តែ​អង្ករមក​ពី​ប្រទេស​ កម្ពុជា វៀតណាម និងឥណ្ឌា ប៉ុណ្ណោះ ​ដែល​ឈាន​ដល់​ជុំ​ចុង​ក្រោយ ទទួលបានចំណាត់ថ្នាក់។

លោក Chukiat ពន្យល់ថា ប្រសិនបើអង្ករ «ម្លិះថ្លៃ Hom Mali» មិនទទួលបានជ័យលាភីលេខ១ ប្រជាជននឹងចោទជាសំណួរថា ហេតុអ្វីបានជាថៃមិនឈ្នះ ឬអង្ករប្រភេទណាដែលត្រូវបញ្ចូលក្នុងការប្រកួត។ លោកក៏បានបញ្ជាក់ផងដែរថា ក្នុងការប្រកួតអង្ករល្អជាងគេបំផុតលេីពិភពលោកចំនួន ១៤ដងកន្លងមក អង្ករផ្កាម្លិះថៃធ្លាប់បានជាប់លេខ ១លេីពិភពលោកបាន ៧ដង។ ជាមួយគ្នានេះដែរ អង្ករ ST25 របស់វៀតណាម ជាពូជដែលគេបង្កាត់លាយគ្នារវាងពូជស្រូវក្រអូបជាច្រេីនប្រភេទដូចជា ពូជម្លិះថៃ , ពូជ basmati របស់ឥណ្ឌា និងពូជអង្ករជប៉ុន។

លោកបញ្ជាក់បន្ថែមថា បើទោះយ៉ាងណានេះក្ដី ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ នៅតែអាច​ដាក់​ពូជ​អង្ករ​ដែល​ខ្លួន​ពេញ​ចិត្ត​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​បាន ​ប៉ុន្តែក្នុង​នាម​ជាក្រុមហ៊ុននៃសមាគមអ្នកនាំចេញអង្ករថៃ (TREA)៕

អត្ថបទ៖ លីនី
ប្រភព៖ Thai PBS World