អ្នកវិនិយោគចិន បង្ហាញបំណងចង់វិនិយោគលើការដាំរុក្ខជាតិ និងនាំចេញសត្វមួយចំនួនពីកម្ពុជា ផលិតជាឱសថបុរាណ ខណៈរដ្ឋមន្ត្រីក្រសួងកសិកម្មណែនាំឱ្យពិនិត្យឱ្យបានច្បាស់លាស់ ចៀសវាងប្រភេទសត្វ និងរុក្ខជាតិកម្រ
សេដ្ឋកិច្ច December 6, 2023 Khmernote

វិនិយោគិន មកពីខេត្ត ជីលីន ប្រទេសចិន បានចុះមកពិភាក្សាពីគោលបំណងក្នុងការវិនិយោគលើការដាំដុះរុក្ខជាតិមួយចំនួន ក៏ដូចជាការនាំចេញនូវសត្វមួយចំនួនពីកម្ពុជា ផលិតជាឱសថបុរាណ នាំចេញទៅកាន់ប្រទេសចិន ខណៈឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យអ្នក​វិនិយោគ​ចិនត្រូវពិនិត្យឱ្យបានច្បាស់ទាំងផ្នែកច្បាប់ និងបញ្ហាសុខភាព ដើម្បីចៀសវាង ប្រភេទសត្វ និងរុក្ខជាតិកម្រ។

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេសចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងជំនួបនេះ វិនិយោគិនចិនបានបង្ហាញចេតនាចង់វិនិយោគលើការដាំដុះរុក្ខជាតិមួយចំនួនសម្រាប់យកទៅផលិតជាឱសថបុរាណ ក៏ដូចជាការនាំចេញនូវសត្វមួយចំនួនដែលអាចផលិតជាឱសថ សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។

ចំពោះបំណងដាំរុក្ខជាតិសម្រាប់យកទៅផលិតជាឱសថបុរាណ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ក្រសួងមិនជំទាស់ទេ។ ប៉ុន្តែ ​ប្រសិនបើរុក្ខជាតិនោះ មានផ្ទុកនូវសារធាតុញៀន ឬអាចយកទៅធ្វើជាធាតុផ្សំសម្រាប់​ផលិត​សារធាតុញៀន ក្រសួងមិន​អនុញ្ញាត​ឱ្យ​ដាំដុះឡើយ​។

ក្នុង​ការ​ដាំដុះ​រុក្ខជាតិ​សម្រាប់​ផលិត​ឱសថ​នោះ​ទៀត​សោត ឯកឧត្តមរដ្ឋមន្ដ្រី​បាន​ថ្លែង​ប្រាប់​វិនិយោគិន​ចិន​ថា កម្ពុជាមិនមានគោលនយោបាយផ្តល់ដីសម្បទានសម្រាប់វិនិយោគទេ។ ដូច្នេះ អ្នកវិនិយោគអាចពិនិត្យលទ្ធភាពស្វែងរកទិញ​ដីដោយ​ខ្លួន​ឯង ឬជួលដីពីក្រុមហ៊ុនដែលទទួល​បាន​ដី​សម្បទាន​ពី​មុន ឬក៏អាចធ្វើកិច្ចសន្យា (Contract Farming) ជាមួយកសិករ​ហើយប្រមូលទិញពីពួកគាត់វិញ​ក្នុង​តម្លៃដែល​អាច​ទទួល​យក​បាន​ទាំង​សង​ខាង។

ចំណែក​សត្វ​មួយ​ចំនួន​ដែល​អ្នក​វិនិយោគ​ចិន​មាន​បំណង​ចង់​នាំ​ចេញសម្រាប់​យក​ទៅ​ផលិត​ជា​ឱសថ ឯកឧត្តម​រដ្ឋមន្ដ្រី​ពន្យល់​ថា ការ​នាំ​ចេញ​ត្រូវ​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់​លាស់ ទាំង​ផ្នែក​ច្បាប់ និងបញ្ហា​​សុខភាព ខណៈ​សត្វ​មួយ​ចំនួន​នៅ​កម្ពុជា​ គឺជា​សត្វ​កម្រ និង​ស្ថិត​នៅ​ក្នុង​ឧបសម្ព័ន្ធ​នៃអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ ហៅកាត់ថា សាយតេស៕

អត្ថបទ៖ លីនី