ក្រុមហ៊ុនចិនធំមួយ បង្ហាញពីបំណងវិនិយោគដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃ នៅកម្ពុជា នាំចេញទៅទីផ្សារចិន និងបណ្ដាប្រទេសផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Hainan Taste King Investment Group Holding Co., Ltd. ដឹកនាំដោយលោកស្រី Luo Lihua លេខាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងសហការី។
មានមតិក្នុងកិច្ចប្រជុំ លោកស្រី Luo Lihua បានមានប្រសាសន៍ថាមុខសញ្ញាអាជីវកម្មរបស់ក្រុមហ៊ុន Hainan Taste King Investment Group Holdings Co., Ltd. គឺការដាំស្លា កែច្នៃ និងលក់។ ក្រុមហ៊ុន មានបំណងពិភាក្សាពីកិច្ចសហការ និងវិនិយោគលើដំណាំស្លា និងគម្រោងកិច្ចសហប្រតិបត្តិការផ្នែក កសិកម្ម ជាពិសេស ការស្វែងរកដៃគូវិនិយោគក្នុងស្រុក ដើម្បីវិនិយោគដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃ។ ជាមួយគ្នានេះដែរ លោកស្រីក៏បានបញ្ជាក់ថាក្រុមហ៊ុនមានបំណងនាំចេញផ្លែស្លាដែលដាំនៅប្រទេសកម្ពុជាទៅទីផ្សារចិន និងបណ្តាប្រទេសផ្សេងៗទៀត។
ឯកឧត្តម យុន ហេង បានជម្រាបជូនថាគម្រោងដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃជាគម្រោងដែលបានទទួលបានការលើកទឹកចិត្តអតិបរមា។ ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនធ្វើការជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដើម្បីរកដៃគូវិនិយោគគម្រោងនេះ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារង់ចាំទទួលស្វាគមន៍ និងផ្តល់កិច្ចសម្រួលសព្វបែបយ៉ាងលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន៕






អត្ថបទ៖ លីនី


