កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្ដល់បទសម្ភាសជាមួយស្ថាប័នសារព័ត៌មាន CNBC ដែលជាសារព័ត៌មានដ៏ល្បីមួយ។ ក្នុងឱកាសផ្ដល់បទសម្ភាសជាមួយស្ថាប័នសារព័ត៌មាន CNBC នោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញអំពីភាពជោគជ័យរបស់កម្ពុជាដែលទទួលបានការបណ្ដាក់ទុនវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពីបណ្ដាវិស័យឯកជននានា និងការចូលរួមពីដៃគូអភិវឌ្ឍន៍ជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាបានទទួលការបណ្ដាក់ទុនពីវិនិយោគិនចិន មានជាអាទិ៍ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC ដែលវិនិយោគក្នុងទម្រង់ “សាងសង់-ប្រតិបត្តិការ-ផ្ទេរ” (BOT) លើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និងគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតជាដើម។ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលកំពុងសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC ក៏ជាគម្រោងដែលបើកទទួលការវិនិយោគដោយផ្ទាល់នៅកម្ពុជាក្នុងទម្រង់ BOT ផងដែរ។
ក្រៅពីដៃគូចិន ជាក់ស្ដែងកម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ពីដៃគូអភិវឌ្ឍន៍ផ្សេងទៀតរួមមាន ប្រទេសជប៉ុន កូរ៉េ ថៃ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងជាដើម ដើម្បីជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលនេះជាការបើកចំហរលើការស្វែងរកជំនួយអភិវឌ្ឍន៍ពីដៃគូនានា។
គម្រោងខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន ជាការពិតបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា តាមរយៈការផ្ដល់មកនូវការវិនិយោគដោយផ្ទាល់ពីវិស័យឯកជន ជំនួយអភិវឌ្ឍន៍ និងកម្ចីសម្រាប់កិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម៕



ប្រភព៖ គណនីផ្លូវការ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


