សញ្ញាណល្អនៃវិស័យទេសចរណ៍! នាព្រឹកនេះ មាននាវាទេសចរណ៍មួយទៀត ផ្ទុកភ្ញៀវទេសចរជាង ៦០០នាក់ ចូលចតនៅក្រុងព្រះសីហនុ ដើម្បីទស្សនាសក្តានុពលទេសចរណ៍ខេត្ត
ទេសចរណ៍ November 22, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មាននាវាទេសចរណ៍មួយទៀតឈ្មោះ Oceania Regatta សញ្ជាតិ Marshal Islands មកពីប្រទេសវៀតណាម ផ្ទុកភ្ញៀវទេសចរសរុប ៦២៨នាក់ ស្រី ៣៣៥ នាក់ មាននាវិក ៣៩២នាក់ ស្រី៨៧ នាក់ ភាគច្រើនភ្ញៀវជនជាតិអាមេរិក កាណាដា និងអង់គ្លេស…។ ល។

ក្រសួងបានបញ្ជាក់ឱ្យដឹងថា ភ្ញៀវបានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ និងវត្តក្រោមជាដើម។ ជាមួយគ្នានេះដែរ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ បានទទួលបដិសណ្ឋារកិច្ច ផ្តល់ឯកសារ និងព័ត៌មានអំពីគោលដៅទាក់ទាញទេសចរណ៍ និងរៀបចំសម្របសម្រួលសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងក្រុង ក៏ដូចជាតំបន់គោលដៅផ្សេងៗដែលភ្ញៀវទៅទស្សនាកម្សាន្តផងដែរ។ នេះជាសញ្ញាណល្អនៃវិស័យទេសចរណ៍ នៅគោលដៅខេត្តព្រះសីហនុ ក៏ដូចជាគោលដៅទេសចរណ៍នានានៅទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ នាវាទេសចរណ៍មួយឈ្មោះថា AIDA BELLA សញ្ជាតិ ITALY មកពីប្រទេសសិង្ហបុរី បានចូលចតនៅក្រុងព្រះសីហនុ ដើម្បីទស្សនាសក្តានុពលទេសចរណ៍ឆ្នេរ។ ក្នុងនាវានោះផ្ទុកភ្ញៀវទេសចរសរុប ២០០៥ នាក់ ស្រី ១០៤៨នាក់ មាននាវិក ៦៣១ នាក់ ស្រី ១២២នាក់ ។ ជាមួយគ្នានេះដែរ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS មកពីប្រទេសវៀតណាមផ្ទុកភ្ញៀវទេសចរ សរុប ១៨០៣នាក់ ស្រី ១០៤៨នាក់ មាននាវិកសរុប ១០៤០នាក់ ស្រី២៣០នាក់។ ជាទូទៅភ្ញៀវបានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ វត្តក្រោមជាដើម។ អាជ្ញាធរខេត្ត

និងមន្ត្រីជំនាញពាក់ព័ន្ធ បានសម្របសម្រួលទទួលបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅ៕

អត្ថបទ៖ លីនី