កំណាត់ផ្លូវជាតិលេខ ៥ (ព្រែកក្តាម – បាត់ដំបង) សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
សេដ្ឋកិច្ច November 22, 2023 Khmernote

កំណាត់ផ្លូវជាតិលេខ ៥ (ព្រែកក្តាម – បាត់ដំបង) បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

គួរបញ្ជាក់ផងដែរថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ (ផ្លូវអាស៊ានហាយវេលេខ១) ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នីតិកាលទី៦ នៃរដ្ឋសភា។ គម្រោងនេះមានប្រវែង ៣៦៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវ បេតុងកៅស៊ូ (AC) ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដោយមានចំណុចចាប់ផ្ដើម ពីព្រែកក្តាម ខេត្តកណ្ដាល និងចំណុចបញ្ចប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបែងចែកជា ៣កំណាត់ គឺ៖ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។

ដូចដែលបានដឹងស្រាប់ហើយថា “ផ្លូវ” ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលរួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ គឺពិតជាចូលរួមធ្វើឱ្យគន្លឹះអាទិភាព របស់រាជរដ្ឋាភិបាលកាន់តែរឹងមាំ ហើយនឹងជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូនឱ្យកាន់តែខ្លាំងថែមទៀត៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន