សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ជួយសម្រួលឥណទាន ដើម្បីសម្រាលការលំបាករបស់អ្នកខ្ចី
សេដ្ឋកិច្ច November 15, 2023 Khmernote

នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ”​ ។

នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ជួយសម្រួលឥណទាន ដើម្បីសម្រាលការលំបាករបស់អ្នកខ្ចី។

សម្ដេចធិបតីបានមានប្រសាសន៍ថា៖ « ឥលូវរាជរដ្ឋាភិបាល ធនាគារជាតិ បានអនុញ្ញាតបន្ធូរលក្ខខណ្ឌមួយចំនួនជូនវិស័យធនាគារ ក៏ដូចជាក្រុមហ៊ុនមួយចំនួន អ៉ឺចឹងសុំធ្វើយ៉ាងម៉េច ប្រតិបត្តិករនៅក្នុងវិស័យនេះ ដែលបានការសម្រាលហើយ ធ្វើយ៉ាងណាជួយសម្រាលទៅដល់អតិថិជន ទៅតាមលទ្ធភាពដែលអាចធ្វើបាន នៅក្នុងលក្ខណៈប្រុងប្រយ័ត្ន​ ព្រោះធ្វើបែបនេះ យើងជួយគ្នា ព្រោះចុងក្រោយគឺអតិថិជន បើអតិថិជនមានបញ្ហា ធនាគារ ឬ ក្រុមហ៊ុនដែលផ្ដល់កម្ចីក៏មានបញ្ហា រដ្ឋាភិបាលក៏បានបញ្ហា។

សម្ដេចបានគូសបញ្ជាក់បន្ថែមផងដែរថា៖ «តាមរយៈគោលការណ៍ដែលបានដាក់ចេញកាលពីថ្ងៃទី១៣ សម្ដេច សង្ឃឹមថាប្រតិបត្តិករ ទាំងក្នុងវិស័យធនាគារ អចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗដែលអាចបានផលពីនេះ សុំធ្វើយ៉ាងណា គិតគូរវិធានការយ៉ាងណា ដើម្បីជួយសម្រាលបន្តដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ទៅដល់អាជីវកម្មដែលជាអ្នកខ្ចី ទៅដល់ប្រជាពលរដ្ឋដែលទិញផ្ទះ​ ដល់ប្រជាពលរដ្ឋដែលត្រូវការកម្ចីផ្សេងៗ អ៉ឺចឹងយើងជួយគ្នានៅក្នុងការលំបាក ពិតណាស់យើងត្រូវការប្រុងប្រយ័ត្នព្រោះមិនចង់ឱ្យរលំទាំងព្នេនទេ ប៉ុន្តែយើងក៏ត្រូវធ្វើការប្រុងប្រយ័ត្ន​ តឹងពេកក៏ដាច់ខ្សែ ធូរពេកក៏វាមានបញ្ហា អ៉ឺចឹងយើងសម្រួលបន្តគ្នា រាជរដ្ឋាភិបាលសម្រួល ហើយមិនមែនតែវិស័យអចលនទ្រព្យ ធនាគារ ទេ ក្នុងវិស័យផ្សេងៗទៀតក៏យើងផ្ដល់ឱ្យរួមទាំងវិស័យកសិកម្ម ដែលអាចផ្ដល់ឱ្យបាន ជួយសម្រួលបានគឺសុំជួយសម្រួលបន្តទៅដល់ប្រជាពលរដ្ឋយើង »៕

អត្ថបទ៖ លីនី