ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើដល់ក្រុមហ៊ុនចិនពន្លឿនកិច្ចការងារសិក្សា ផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត
សេដ្ឋកិច្ច November 10, 2023 Khmernote

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់ក្រុមហ៊ុនចិនពន្លឿនកិច្ចការងារសិក្សា ផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដើម្បីអាចឈានទៅនីតិវិធីបន្តបន្ទាប់ទៀត សំដៅយ៉ាងណាអាចឱ្យគម្រោងនេះចេញជាលទ្ធផលសម្រាប់នីតិកាលទី៧នេះ។

ការស្នើសុំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយក្នុងពិធីនោះក៏មានការចូលរួមពី ឯកឧត្តម វ៉ាង វ៉ិនធាន ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ចាវ យ៉ុង (Zhou Yong) នាយកសាខាក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តម វ៉ាង វិនធៀនអំពី វឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ(FA)រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើជំរុញឱ្យក្រុមហ៊ុនបញ្ជូនអ្នកជំនាញពីប្រទេសចិនឱ្យបានច្រើនដើម្បីបញ្ចប់សិក្សាសមិទ្ធិលទ្ធភាពលម្អិតឱ្យបានហ្មត់ចត់ និងឆាប់រហ័ស។ បន្ថែមពីនេះ គម្រោងសំខាន់ៗផ្សេងទៀត គឺគម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏ជាអាទិភាពមួយដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យក្រុមហ៊ុនពន្លឿនកិច្ចការងារសិក្សា ដើម្បីអាចឈានទៅនីតិវិធីបន្តបន្ទាប់ទៀត សំដៅយ៉ាងណាអាចឱ្យគម្រោងនេះចេញជាលទ្ធផលសម្រាប់នីតិកាលទី៧នេះ។ ឯកឧត្តមក៏បានបន្ថែមផងដែរជូនចំពោះ លោក ចាវ យ៉ុង ដោយបានស្នើសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពទទួលនិស្សិតពីវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនឱ្យចូលបម្រើការងារក្នុងក្រុមហ៊ុន CRBC បានផងដែរ។

លើសពីនេះទៅទៀត អាស្រ័យលើភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងដៃគូទាំងពីរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់ឯកឧត្តម វ៉ាង វិនធៀន មេត្តាជួយជំរុញនីតិវិធីផ្តល់កម្ចីសម្បទាន ដើម្បីធ្វើការជួសជុលផ្លូវជាតិលេខ៣ កំណាត់កំពត-វាលរិញ ប្រវែងប្រមាណ ២០គីឡូម៉ែត្រ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរបច្ចុប្បន្ននេះ។ ជាមួយគ្នានេះគម្រោងសាងសង់ផ្លូវជាតិលេខ៧ កិច្ចការងាររៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សុទ្ធសឹងតែជាគម្រោងដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំជំរុញពន្លឿនកិច្ចការងារអនុវត្តលើគម្រោងការងារទាំងនេះបន្ថែមទៀត៕

អត្ថបទ៖ លីនី