ក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់អាមេរិក Intel បាននិយាយថា ខ្លួនមិនដែលប្រកាសពីការវិនិយោគបន្ថែមណាមួយក្នុងប្រទេសវៀតណាម ក្រៅពីការវិនិយោគចំនួន ១.៥ ពាន់លានដុល្លារដែលខ្លួនបានធ្វើរួចមកហើយរហូតមកដល់ពេលនេះនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។
ការបដិសេធរបស់ក្រុមហ៊ុន Intel បានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារបានរាយការណ៍ថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិកបានលុបចោលផែនការវិនិយោគ ១ ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម ដោយដកស្រង់ប្រភពអនាមិក។
យ៉ាងណាមិញ អ្នកតំណាងក្រុមហ៊ុនម្នាក់បានប្រាប់សារព័ត៌មាន VnExpress កាលពីថ្ងៃពុធថា “បន្ទាប់ពីបង្កើនការវិនិយោគរបស់ក្រុមហ៊ុនដល់ ១.៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ក្រុមហ៊ុនមិនដែលបានប្រកាសជាផ្លូវការណាមួយអំពីការវិនិយោគថ្មីនោះទេ” ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Intel បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ២០០៦ ជាមួយនឹងរោងចក្រផលិត និងសាកល្បង បន្ទះឈីបនៅទីក្រុងហូជីមិញ។ រោងចក្រ Intel Products Vietnam គឺជាមជ្ឈមណ្ឌលផលិតកម្មមួយក្នុងចំណោមមជ្ឈមណ្ឌលផលិតកម្មទាំង១០ របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។
រោងចក្រនេះដែលមានបុគ្គលិក ២៨០០ នាក់ និងបានដឹកជញ្ជូនផលិតផលជាង ៣ពាន់លានគ្រឿងក្នុងរយៈពេល ១៥ឆ្នាំនៃប្រតិបត្តិការ។
ថ្នាក់ដឹកនាំ Intel បានប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងនៅវៀតណាមក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី Tran Luu Quang ក្នុងខែតុលា។ នាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Patrick Gelsinger បានប្រាប់នាយករដ្ឋមន្ត្រី Pham Minh Chinh កាលពីខែឧសភាថា ក្រុមហ៊ុននឹងវិនិយោគជាច្រើនដងទៀតនៅក្នុងប្រទេសវៀតណាមនាពេលអនាគត៕

អត្ថបទ៖ លីនី


