អាចជាពន្លឺថ្មីមួយទៀត សំរាប់កសិករខ្មែរជាពិសេសអ្នកដែលប្រកបរបរចិញ្ចឹមសត្វ ខណៈក្រសួងពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាជាមួយសមាគមចិន ដើម្បីស្វែងរកលទ្ធភាពលើកិច្ចសហប្រតិបត្តិការ ជំរុញការនាំចេញផលិតផលសាច់ស្រស់ សាច់កែច្នៃ និងផលិតផលកសិកម្មកម្ពុជាផ្សេងទៀត ទៅកាន់ទីផ្សារប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។
តាមការបញ្ជាក់របស់ ក្រសួងពាណិជ្ជកម្ម នៅលើផេកផ្លូវការបានឱ្យដឹងថា នាល្ងាចថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសៀងហៃ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការ និងឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម រួមជាមួយ លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក ឆាវ ឌឺរុង ប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចេញនាំចូលម្ហូបអាហារ និងសាច់ នៃប្រទេសចិន។
ជំនួបពិភាក្សានេះ គឺធ្វើឡើងដើម្បីស្វែងរកលទ្ធភាពលើកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងសមាគម ក្នុងការជំរុញការនាំចេញផលិតផលសាច់ស្រស់ សាច់កែច្នៃ និងផលិតផលកសិកម្មកម្ពុជាផ្សេងទៀត ទៅកាន់ទីផ្សារប្រទេសចិន៕



អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងពាណិជ្ជកម្ម


