យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើមខ្លឹមច័ន្ទកម្ពុជា នៅតែមានភាពពេញនិយម នៅលើទីផ្សារតំបន់មជ្ឈឹមបូព៌ា ជាពិសេសប្រទេសអារ៉ាប៊ីសាអូឌីត។ ខ្លឹមច័ន្ទ បានធ្វើឱ្យប្រជាជនអារ៉ាប់ស្គាល់កម្ពុជា និងបានជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើង។
ប្រជាជនអារ៉ាប់និយមប្រើប្រាស់ខ្លឹមច័ន្ទ កែច្នៃជាទឹកអប់ និងធូបក្រអូប ដែលការនិយមនេះត្រូវបានចាត់ទុកជាទំនៀមទំលាប់ប្រពៃណី និងវប្បធម៌របស់ប្រជាជនអារ៉ាប់ដ៏យូរលង់ណាស់មកហើយ។ វប្បធម៌នៃការប្រើប្រាស់ទឹកអប់ចម្រាញ់ចេញពីខ្លឹមច័ន្ទ និងការដុតធូបក្រអូបនៃឈើខ្លឹមច័ន្ទនៅក្នុងគេហដ្ឋានរបស់ប្រជាជនអារ៉ាប់ បានបង្កើតការងារដល់ប្រជាជននៅក្នុងស្រុក តាមរយៈការបើកអាជីវកម្មលក់ដើមខ្លឹមច័ន្ទ និងទឹកអប់ឬគ្រឿងក្រអូបពីដើមឈើមួយនេះ តាមទីផ្សារនានាក្នុងប្រទេស។ ជាមួយគ្នានេះ តាមរយៈការធ្វើអាជីវកម្មនេះ បានរួមចំណែកក្នុងការលើកស្ទួយ និងថែរក្សាវប្បធម៌ឱ្យបានគង់វង្ស។ យោងតាមសារព័ត៌មានអារ៉ាប់ (Arab News) ខ្លឹមច័ន្ទដែលមានវត្តមាននៅក្នុងទីផ្សារប្រទេសអារ៉ាប់ត្រូវបាននាំចូលភាគច្រើន ពីប្រទេសកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី និងបណ្តាប្រទេសមួយចំនួនទៀត។ លើសពីនេះ សម្រាប់ប្រជាជនអារ៉ាប់ ដែលប្រមាណជា៩៣ភាគរយ នៃប្រជាជនសរុប ជាឥស្លាមសាសនិក ខ្លឹមច័ន្ទក៏មានសារៈសំខាន់ផ្នែកសាសនាផងដែរ។ នៅក្នុងសាសនាឥស្លាម ក្លិនក្រអូបរបស់ខ្លឹមច័ន្ទត្រូវបានគេជឿថា អាចជួយព្យាបាលជំងឺមួយចំនួន។ ទន្ទឹមគ្នានេះ ខ្លឹមច័ន្ទជានិមិត្តសញ្ញា នៃសេចក្តីស្រឡាញ់របស់ឥស្លាមសាសនិក។
ក្រៅពីការប្រើប្រាស់ទឹកអប់ចម្រាញ់ចេញពីខ្លឹមច័ន្ទប្រចាំថ្ងៃ ប្រជាជនអារ៉ាប់មានទំនៀមទំលាប់មួយទៀតទាក់ទងនឹងខ្លឹមច័ន្ទនេះ គឺការបណ្តក់ទឹកអប់ខ្លឹមច័ន្ទលើដៃមិត្តភក្តិ ឬភ្ញៀវដែលមកលេងនៅគេហដ្ឋានរបស់ពួកគេ ដើម្បីបង្ហាញពីការស្រឡាញ់រាប់អាន។ ម្យ៉ាងទៀត ដោយសារក្លិនមានទំនាក់ទំនងជាមួយការចងចាំ ការធ្វើដូចនេះត្រូវបានគេជឿថានឹងធ្វើឱ្យមិត្តភក្តិ ឬភ្ញៀវដែលមកលេងគេហដ្ឋានបានចងចាំនូវបដិសណ្ឋារកិច្ចដ៏ល្អរបស់ម្ចាស់ផ្ទះ។
កត្តាទាំងអស់នេះ ក៏បានធ្វើឱ្យទឹកអប់ចំរាញ់ចេញពីខ្លឹមច័ន្ទ និងឈើដុតខ្លឹមច័ន្ទ គឺជាវត្ថុអនុស្សាវរីយ៌ដ៏ពេញនិយមមួយពីសំណាក់អ្នកទេសចរអន្តរជាតិផងដែរ។
ខ្លឹមច័ន្ទជាប្រភេទដើមឈើក្រអូបម្យ៉ាងដែលមានអត្ថប្រយោជន៍យ៉ាងច្រើនដូចជា កែច្នៃធ្វើធូប និងដើមច័ន្ទគ្រឹស្នាអាចចម្រាញ់ចេញជាទឹកអប់ កែច្នៃជាសាប៊ូដុសខ្លួន តែឆុងមានក្លិនឈ្ងុយ ប្រេងម៉ាស្សាដែលជំនួយដល់ការដកដង្ហើម និងប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់បង្កើតបានជាផលិតផលផ្សេងៗទៀត៕




ប្រភព៖ ក្រសួងព័ត៌មាន


