ពន្លាជាតិកម្ពុជាសង់តាមលំនាំព្រះបរមរាជវាំង កំពុងឈរបង្អួតរាងយ៉ាងស្រស់ស្អាតផ្សព្វផ្សាយផលិតផលខ្មែរ បរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៅទីក្រុងសៀងហៃ
សេដ្ឋកិច្ច November 6, 2023 Khmernote

(ទីក្រុងសៀងហៃ)៖ ពិធីកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្ដរជាតិចិនលើកទី៦ (The 6th China International Import Expo) បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ នៃទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម Jing Chunhai អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ព្រមទាំងភ្ញៀវកិត្តិយសនៃបណ្តាប្រទេសនានាជាច្រើនរូប។

បន្ទាប់ពីកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជារួច គណៈធិបតីក៏បានទស្សនាផលិតផលដែលដាក់តាំងបង្ហាញនៅពន្លាជាតិកម្ពុជា និងតបតាមការអញ្ជើញរបស់គណៈកម្មការរៀបចំ បានដើរទស្សនាពន្លាជាតិរបស់ប្រទេសចិន។

សូមជម្រាបផងដែរថា ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦ នឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិត​ចិន ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ៦៩ បានសាងសង់ពន្លាជាតិនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ក្នុងនោះ កម្ពុជាក៏បានសាងសង់ពន្លាជាតិដែលមានទំហំ ១៣៦ម៉ែត្រការ៉េ ដោយសាងសង់តាមលំនាំព្រះបរមរាជវាំង និងការតុបតែងជារចនាបថខ្មែរ។ នៅក្នុងពន្លាជាតិកម្ពុជា មានដាក់តាំងបង្ហាញផលិតផលសក្តានុពលនានាដូចជា៖ អង្ករ គ្រាប់ស្វាយចន្ទី ម្រេច ទឹកឃ្មុំ កាហ្វេ ស្ករត្នោត និងវត្ថុអនុស្សាវរីយ៍ជាដើម ព្រមទាំងដាក់តាំងបង្ហាញនូវរូបភាព និងវីដេអូ ដើម្បីផ្សព្វផ្សាយពីបរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិរបស់កម្ពុជា៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម