ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និង ឯកឧត្ដមអភិបាល​ខេត្ត​ព្រះសីហនុ​ សហការគ្នាដាំកូនត្នោតជំហានដំបូង ១០០០ដើមអមសងខាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បី​បង្ហាញអត្តសញ្ញាណ​ជាតិ​ខ្មែរទៅកាន់អ្នកធ្វើដំណើរ
ទេសចរណ៍ November 4, 2023 Khmernote

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និង ឯកឧត្ដម​ គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​ បានសហការគ្នាដាំកូនត្នោត​ អមសងខាងតាម​បណ្តោយ​ផ្លូវ​ល្បឿនលឿន ដើម្បីបង្ហាញដេីម​ត្នោត​ដែលជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ បានគយគន់អំឡុងពេលដែលធ្វើដំណើរ។

តាមរយៈខ្លឹមសារបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងថា ឯកឧត្តម ​មានបំណង​ចង់ដាំដេីមត្នោត​អមសងខាងផ្លូវ​ល្បឿនលឿន​​ តាំង​ពីឯកឧត្តមបាន​ចុះមកមេីល​សកម្មភាព​ក្រុម​អ្នក​បច្ចេកទេស​ចុះមក​វាស់ស្ទង់​ សាងសង់ផ្លូវ​ល្បឿនលឿន​មកម្ល៉េះ ហើយស្រាប់តែ​កាលពីថ្ងៃទី៩​ ខែតុលា​ ឆ្នាំ​២០២៣ ឯកឧត្ដម​ អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​បបួល​ឯកឧត្តមដាំកូនត្នោត​ តាម​បណ្តោយ​ផ្លូវ​ល្បឿនលឿន​នេះពិតប្រាកដមែន។

ឯកឧត្តមបណ្ឌិត បានឱ្យដឹងបន្ថែមទៀតថា កាលពីវេលាម៉ោង​៨ព្រឹក​ ​ថ្ងៃ​សុក្រ​ ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ព្រមទាំង​ភរិយា​ ​កូនចៅបុគ្គលឹក​កម្មករ​ សិស្សានុសិស្សបានចូលរួម​ជាមួយ​អាជ្ញាធរ​ដែនដី​ខេត្ត​ព្រះសីហនុ​ ដឹកនាំ​ដោយ​ឯកឧត្តម​ គួច​ ចំរេីន​ អភិបាល​ខេត្ត​ រួមជាមួយ​មន្ត្រី​រាជការ​ក្រោមឱវាទ​ប្រមាណជាជាង​ ៣០០នាក់​ បានរួម​សហការ​គ្នា​ដាំដេីម​ត្នោតចំនួន ​១.០០០ដេីមជាលេីកទីមួយ​ នៅអមសងខាងបណ្តោយ​ផ្លូវ​ល្បឿនលឿន​ត្រង់​គីឡូម៉ែត្រ​លេខ១៥៧ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ។ ហើយពេលនេះក្រុម​អ្នក​បច្ចេកទេស​បាននិង​កំពុងតែ​បណ្តុះកូនត្នោត​ចំនួន​ ១៤.០០០ដេីម​ ទុកសម្រាប់ដាំនៅរដូវ​ធ្លាក់ភ្លៀង​ដេីមឆ្នាំ​ ២០២៤​ ខាងមុខនេះ​ យេីងនឹងដាំ​បន្ថែមទៀតក្នុង​ចន្លោះ​ ៥ម៉ែត្រ​មួយដេីម​​ ។​

ចំពោះការដាំដើមត្នោតខាងលើនេះ ឯកឧត្តមបណ្ឌិត បានបង្ហាញថា គឺក្នុងគោលបំណង​ចង់ឲ្យ​ភ្ញៀវជាតិ​ និងអន្តរជាតិ​ ប្រជាពលរដ្ឋ​ ធ្វេីដំណេីរ​តាម​បណ្តយ​ផ្លូវ​ល្បឿនលឿននេះ​ ​តទៅ​អនាគត​ បានឃេីញដេីម​ត្នោត​ដែលជា​អត្តសញ្ញាណ​ជាតិ​ខ្មែរយេីង​ ដុះអមសងខាងផ្លូវ​ ចម្រុះទៅ​ដោយ​ដំណាំដូង​ប្រេង​ (ត្នោតប្រេង) កៅស៊ូ​ ព្រមទាំង​ដំណាំឈេីហូបផ្លែ​ជាច្រេីន​ប្រភេទទៀតជាចំណី​ចក្ខុ​ដ៏ល្អប្រណិត​ ពេលបាន​ធ្វេីដំណេីរ​តាម​ផ្លូវ​ល្បឿនលឿន​ម្តងៗ​៕