CDC នឹងសហការជាមួយក្រុមហ៊ុនកង់ XDS បង្កើតកម្មវិធីជិះកង់ក្នុងតំបន់អង្គរនៅឆ្នាំក្រោយ ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍, ការវិនិយោគ និងផលិតផលរបស់ក្រុមហ៊ុននៅកម្ពុជា រួមទាំងរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ
សេដ្ឋកិច្ច November 3, 2023 Khmernote

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងសហការជាមួយក្រុមហ៊ុនកង់ XDS រួមគ្នាបង្កើតកម្មវិធីជិះកង់ក្នុងតំបន់អង្គរ នៅឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបង្ហាញអំពីកិត្យានុភាពនៃវប្បធម៌-អរិយធម៌ខ្មែរ ផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជាឱ្យដល់អតិថិជនរបស់ក្រុមហ៊ុន XDS នៅទូទាំងពិភពលោក ព្រមទាំងរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងដើម្បីបង្ហាញថាកម្ពុជាមានក្រុមហ៊ុនវិនិយោគរោងចក្រដំឡើងកង់ខ្នាតធំលំដាប់អន្តរជាតិផងដែរ។

យោងតាមការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តាមរយៈវិដេអូខ្លីមួយ បានបញ្ជាក់ថា ក្រុមហ៊ុនកង់ XDS បានឯកភាពនឹងខិតខំធ្វើការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំកម្មវិធីធាក់កង់មួយដ៏ធំនៅអង្គរនៅឆ្នាំក្រោយ ដើម្បីផ្សព្វផ្សាយ អំពីវប្បធម៌ អារិយធម៌កម្ពុជា ផ្សព្វផ្សាយពីកង់របស់គាត់ ផ្សព្វផ្សាយឱ្យខ្មែរបានដឹងថា នៅកម្ពជាមានរោងចក្រផលិតកង់ដែលលក់នៅទូទាំងពិភពលោក។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះទស្សនកិច្ចថែទាំវិនិយោគិន បង្ហាញជូនឱកាសវិនិយោគថ្មីៗ និងពិភាក្សាការងារជាមួយលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) នៅឯទីក្រុង Shenzhen។ ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លៀតយកឱកាសនោះផ្តួចផ្តើមគំនិតឱ្យមានរៀបចំការជិះកង់របស់ក្រុមហ៊ុនផ្ទាល់ (XDS Bike Tour) នៅក្នុងខេត្តសៀមរាប ដើម្បីគោលដៅសំខាន់ៗចំនួន ៤ រួមមាន៖ ១).ផ្សព្វផ្សាយអំពីការវិនិយោគរបស់ក្រុមហ៊ុន XDS នៅកម្ពុជា ២).ផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ៣).ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន និង៤).រៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ៕

អត្ថបទ៖ លីនី