អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅឆ្នាំ២០២៣ ត្រូវបានឈ្នះ ពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១ (1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety) កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣។
អង្ករម៉ាក សមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប (SEN KRA DB) ត្រូវបានទទួលស្គាល់ដោយ គណៈកម្មាធិការ ប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងឈ្នះពានរង្វាន់មាស ក្នុងចំណោមពានរង្វាន់មាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។
ជាមួយភាពជោគជ័យនេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមថ្លែងអំណរគុណដល់ប្រជាកសិករទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ ដាំដុះ ថែទាំ និងផ្តល់នូវគ្រាប់ស្រូវដែលផលិតចេញជាអង្ករដែលមានគុណភាព ឱជារស មិនតែប៉ុណ្ណោះសម្រស់គ្រាប់អង្ករបានយ៉ាងល្អ ដែលនាំឱ្យទទួលបាននូវពានរង្វាន់មាសនៅពេលនេះផងដែរ។
ទន្ទឹមនឹងនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏សូមថ្លែងអំណរគុណដល់ សមាជិក សមាជិកា ដែលជារោងម៉ាស៊ីនកិនស្រូវដែលបានផ្ដល់នូវវត្ថុសំណាកអង្ករសម្រាប់ជ្រើសរើសចូលរួមក្នុងការប្រកួត និង សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន CKCC (Cambodia) Co. Ltd ដែលជួយសម្របសម្រួលផ្នែកភស្តុភារកម្មក្នុងការចូលប្រកួតបានទាន់ពេលវេលា។ សហព័ន្ធស្រូវអង្ករកម្ពុជា ក៍សូមថ្លែងអំណរគុណដល់ លោក តាំង សុខង៉ន់ អគ្គកុងស៊ុលកម្ពុជាប្រចាំ ទីក្រុងណាននឹង តំបន់ស្វយ័តជនជាតិទាំងខាងស៊ី សាធារណរដ្ឋប្រជាមានិតចិនដែលជួយចូលរួមទទួលនូវពានរង្វាន់កិត្តិយសនេះ សម្រាប់វិស័យស្រូវអង្ករកម្ពុជា។
ជាមួយគ្នានេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមមេត្តាខិតខំបន្តនូវការងារដាំដុះដែលប្រកបដោយគុណភាព និងមោទនភាពនេះជាបន្តទៀត។ ការទទួលបាននូវពានង្វាន់មាសនេះ នឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់ កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។
សូមបញ្ជាក់ផងដែរថា៖ ពូជស្រូវសែនក្រអូបជាពូជស្រូវមិនប្រកាន់រដូវ ដែលត្រូវបានដាំដុះដោយប្រជាកសិករតាំងពីពាក់ កណ្ដាលទស្សវត្ស៩០ ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនសាទ តាមរយៈអគ្គនាយកដ្ឋាន កសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់ ឆ្លងតាមការសិក្សានិងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រាំងឡើងដោយជម្រើសឯកទត្តចេញពីពូជស្រូវក្រអូបផ្សេងៗ រហូតទទួលបានពូជស្រូវសែនក្រអូបមួយដែលល្អ ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ក្រោមឈ្មោះជាផ្លូវការថា៖ សែនក្រអូប ០១៕



អត្ថបទ៖ លីនី
ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation – CRF


