អង្ករពូជស្រូវសែនក្រអូបកម្ពុជា បានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ (1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety) កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយនៅលើបណ្ដាញសង្គមផ្លូវរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបផងដែរថា បើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ កាលពីពេលកន្លងទៅនេះ អង្ករសែនក្រអូបបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញ ហើយវាជាប្រភេទពូជមិនប្រកាន់រដូវដែលអនុញ្ញាតឱ្យកសិករកម្ពុជាដាំដុះបានរហូតដល់៣ដងក្នុងមួយឆ្នាំ ជាហេតុនាំឱ្យពូជស្រូវសែនក្រអូបក្លាយជាជម្រើសមួយថ្មីសម្រាប់កសិករ និងសម្រេចបានការចុះបញ្ជីម៉ាកសមូហភាពអង្ករ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្រសួងពាណិជ្ជកម្ម ងាយស្រួលក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបប្រទេសផ្សេងទៀតនៅក្នុងទីផ្សារអន្តរជាតិ៕



អត្ថបទ៖ លីនី


