សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «កម្ពុជាខិតខំជួយរក្សាតម្លៃទំនិញលើទីផ្សារ ដើម្បីជីវភាពប្រជាពលរដ្ឋ ជាពិសេសតម្លៃភ្លើង រដ្ឋសុខចិត្តខាត»
សេដ្ឋកិច្ច October 28, 2023 Khmernote

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានលើកឡើងថា កម្ពុជាខិតខំជួយរក្សាតម្លៃទំនិញលើទីផ្សារ ដើម្បីជីវភាពប្រជាពលរដ្ឋ ជាពិសេសតម្លៃភ្លើង រដ្ឋសុខចិត្តខាត។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅរោងចក្រសហគ្រាសចំនួន៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ សម្តេចនាយករដ្ឋមន្ត្រីលើកឡើងដូច្នេះថា «កម្ពុជាយើងខិតខំរក្សាតម្លៃទំនិញ មានការឡើងថ្លៃយើងទទួលស្គាល់ ប៉ុន្តែយើងបានទប់ច្រើនណាស់ ជាពិសេសរឿងតម្លៃភ្លើង រដ្ឋសុខចិត្តខាត ដើម្បីធានានូវបៀវត្ស ហើយយើងខិតខំពង្រីកនូវប្រភពថាមពលរបស់យើង ពីថាមពលកកើតឡើងវិញ ពីវារីអគ្គិសនី ពីសូឡាជាដើម ធ្វើយ៉ាងណា ធានានូវការផ្គត់ផ្គង់អគ្គិសនី បើមិនអីចឹងទេ ពឹងលើខ្យូងថ្ម និងឧស្ម័នធម្មជាតិ គឺសុទ្ធតែនាំចូល បើគេវាយគ្នាតែនៅរុស្ស៉ី ក៏ភ្លើងនៅយើងឡើងដែរ»។

ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ដែលបានដំឡើងថ្លៃអគ្គិសនី ប៉ុន្តែសម្រាប់កម្ពុជាវិញ ទោះបីត្រូវខាតក្នុងមួយឆ្នាំរាប់លានដុល្លារក្តី ក៏មិនដំឡើងថ្លៃដែរ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា សង្គ្រាមរវាងអ៉ីស្រាអែល និងពួកហាម៉ាស់ មិនបានធ្វើឱ្យតម្លៃទំនិញឡើយថ្លៃទៅចុះ ដែលនាំឱ្យប៉ះពាល់ប្រជាពលរដ្ឋ៕

អត្ថបទ៖ លីនី