កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យ លោក យ៉ូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកក្រុមហ៊ុនមីនីបៀ (Minebea) ចូលជួបសំដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ ដើម្បីរាយការណ៍ពីវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ លោកអគ្គនាយក ក៏បានជម្រាបជូន សម្ដេចតេជោ អំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។ លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូនសម្តេចតេជោដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រុមហ៊ុនរបស់លោកនឹងកៀរគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
មិនតែប៉ុណ្ណោះ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានរាយការណ៍ជូនសម្តេចតេជោដែរថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវ ផលិតផលថ្មីជាច្រើនដើម្បីបម្រើឲ្យសក្តានុពលវិនិយោគនៅកម្ពុជា ក្នុងនោះផលិតផលអេឡិចត្រូនិច គឺជាផលិតផលថ្មី របស់ក្រុមហ៊ុនដែលត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការបង្កើនភាពជាដៃគូវិនិយោគប្រកបដោយទំនុកចិត្តនៅកម្ពុជា៕



អត្ថបទ៖ លីនី


