ត្រៀមៗ! ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិក្នុងខែវិច្ឆិកា ខាងមុខនេះ ដោយផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែងដល់យុវជន
សេដ្ឋកិច្ច October 23, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ (ILO) និង អង្គការភីផលអីននិត (People in Need Cambodia) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួមពីអ្នកសារព័ត៌មាន, ស.ស.យ.ក រាជធានីភ្នំពេញ, សមាគម TAFTAC, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុន RMA Cambodia និងតំណាងក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងយុវជនជាង ៣០០ នាក់ នាព្រឹកថ្ងៃទី១៩ ខែតុលានេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមាន​ស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញ​ពីឱកាសការងារយ៉ាងច្រើន​សម្បូរបែប ដែលនឹងផ្តល់​ឱកាស​ការងាររហូតដល់ជាង ២០ ០០០កន្លែង ហើយក្រសួងរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង ៣០ ០០០នាក់។

ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ទៀតថា គោលបំណង​សំខាន់ៗ​នៃការការៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារ​តាមរយៈ​ការជួយជ្រោមជ្រែងនិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំង​ពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំ​បណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផង ដែលនូវសិក្ខាសាលាផលិតភាព ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ស.ស.យ.ក រាជធានីភ្នំពេញ បានធ្វើជាដៃគូជាមួយនឹង NEA ចាប់តាំងពិព័រណ៌ការងារចាប់ផ្តើមជាលើកដំបូងមក ហើយតែង​តែ​ជួយផ្សព្វផ្សាយ ដើម្បីជំរុញឲ្យមានការចូលរួមកាន់តែច្រើន​តាមរយៈបណ្តាញ ស.ស.យ.ក. នៅទូទាំងប្រទេសផងដែរ។ លោកចាត់ទុកពិព័រណ៍ការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជន​ទៅស្វែងរកការងារ និងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារ ហើយលោកក៏បានអំពាវនាដល់យុវជនទាំងអស់ ឲ្យត្រៀមរៀបចំCV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ​នៅក្នុងពិព័រណ៍​រយៈពេល ២ថ្ងៃនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ ក៏នឹងមាន​រៀបចំសិក្ខាសាលាផលិតភាពជាតិ ដើម្បីលើកកម្ពស់ការ​យល់ដឹង​អំពី​ផលិតភាពការងារ តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍​ល្អៗ​ពីសំណាក់វាគ្មិនជំនាញ។ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃ​សមាគម TAFTAC បានសង្កត់ធ្ងន់លើសារៈសំខាន់​នៃផលិតភាពការ​ងារ​​នៅក្នុង​ទីផ្សារការងារនាពេលបច្ចុប្បន្នផងដែរ ដោយលោកបញ្ជាក់ថា ការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិនេះ គឺមិនអាចមិន​គិតពី​ប្រធានបទផលិតភាពការងារបានទេ ព្រោះក្រុមហ៊ុន រោងចក្រ សហគ្រាស​ ដែលជ្រើសរើសបុគ្គលិកមកធ្វើការ គឺតែងតែយក​ចិត្ត​ទុក​ដាក់លើផលិតភាពការងាររបស់បុគ្គលិកខ្លួន។ លោកបន្តថា នៅក្នុង​ពិព័រណ៍​ការងារ​ថ្ងៃទី២ នឹងមានការរៀបចំជាសិក្ខាសាលាផលិតភាព ដែលនឹងផ្តោតលើប្រធានបទ “ឱកាស និងបញ្ហាប្រឈមនៃផលិតភាព​ការងារ”។

លើសពីនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ក៏នឹងត្រូវ​រៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅ​ទូទាំង​ប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញ​បាន​តាមរយៈ គេហទំព័រពិព័រណ៌ការងារ http://careerfair.nea.gov.kh/ ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣, ០១៧ ៨៧១ ៨០៧, ០៩៦ ២១៥៥ ១៦២៕

ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ