ដំណឹងល្អ! ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ចិន សម្រេចមកពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា
សេដ្ឋកិច្ច October 23, 2023 Khmernote

ទីក្រុង Guangzhou សាធារណរដ្ឋប្រជាមានិតចិន៖ នារសៀលថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Jing Guangjun នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ដែលជាសមាជិករបស់ក្រុមហ៊ុនធំបំផុត៥០០ នៅលើពិភពលោក (Fortune 500) និងមានក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិនជាបុត្រសម្ព័ន្ធ។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិន ដែលឆ្នាំនេះក៏ជាខួបទី៦៥ នៃទំនាក់ទំនងការទូតរវាងភាគីទាំងពីរផងដែរ។

ក្នុងទិសដៅដើម្បីជំរុញ ឱ្យក្រុមហ៊ុនសម្រេចចិត្តចូលមកវិនិយោគនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដែលកើនជាមធ្យម៧%ជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មុនស្ថានភាពជំងឺកូវីដ១៩។ បន្ថែមពីនេះ ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេសដែលកម្ពុជាបាននិងកំពុងអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តសម្រាប់វិនិយោគិនរួមមាន អាកាសយានដ្ឋានថ្មីខេត្តសៀមរាប អាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ និងភាពរីកចម្រើនរបស់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុន ពីវិនិយោគិនដែលធ្លាប់ទទួលបានជោគជ័យ លើការដាក់បណ្ដាក់ទុនផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីបានស្តាប់ការពន្យល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកនាយករងក្រុមហ៊ុន បានសម្តែងនូវការស្ងប់ស្ងែងចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ពិសេសការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនដើម្បីគាំទ្រដល់ការអភិវឌ្ឍនៃសង្គមកម្ពុជា។ អាស្រ័យហេតុនេះ ដោយមើលឃើញនូវភាពរីកចម្រើនជារួមរបស់កម្ពុជា និងតបតាមការជម្រុញលើកទឹកចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រុមហ៊ុនបានធ្វើការសម្រេចចិត្តនឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជា។

តាមរយៈការបង្ហាញឆន្ទះយ៉ាងមុតមាំ របស់ក្រុមហ៊ុនក្នុងការសិក្សាលម្អិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ ក្រុមហ៊ុន ដែលមានបំណងជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីវិនិយោគសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួន។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងព្យាយាមផ្តល់ការសម្របសម្រួលលើការសិក្សារបស់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ សាងសង់រោងចក្រ និងផលិតសំបកកង់ទី១របស់ខ្លួននៅកម្ពុជា ឱ្យបានលឿនបំផុត៕

ប្រភព៖ Chanthol SUN, DPM, CDC 1st Vice-Chairman