សញ្ញាល្អ! ប្រតិភូធុរជនចិន ៧០រូបមកពីក្រុមហ៊ុនធំៗចំនួន ៥៤ ចាប់ចិត្តវិនិយោគវិស័យទេសចរណ៍នៅក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប
ទេសចរណ៍ October 12, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា ប្រតិភូធុរជនចិនប្រមាណ ៧០រូប ដែលតំណាងឱ្យក្រុមហ៊ុនធំៗ ចំនួន៥៤ មកពីក្រុងស៊ិនជិន ខេត្តក្វាងទុង មានការចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ខណៈកម្ពុជាក៏កំពុងត្រូវការការវិនិយោគបង្កើនផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម។

ការបង្ហាញបំណងវិនិយោគនេះធ្វើឡើងក្នុងឱកាសគណៈប្រតិភូចិនខាងលើ ដឹកនាំដោយលោក វ៉ង សឺ (WANG Shi) ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្រុងស៊ិនជិន ទទួលបានការអនុញ្ញាតឱ្យចូលជួបពិភាក្សាជាមួយឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ ដើម្បីស្វែងយល់អំពីសក្ដានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

នាឱកាសនោះ លោក វ៉ង សឺ និងប្រតិភូធុរជនចិនមកពីក្រុងស៉ិនជិន បានលើកឡើងថា ពួកគេមានការចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក៏ដូចជាខេត្តសៀមរាប ខណៈដែលប្រតិភូធុរជនចិននេះក៏បានធ្វើទស្សនកិច្ចស្វែងយល់នៅតាមគោលដៅទាំងនេះច្រើនថ្ងៃមកដែរ។

លោក វ៉ង សឺ បានបញ្ជាក់ថា គំនិតដែលចង់មកធ្វើធុរកិច្ច វិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការនៅកម្ពុជានេះ គឺបានផុសចេញឡើងតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើទស្សនកិច្ចនៅប្រទេសចិន កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ដោយក្នុងនោះសម្ដេចធិបតីនាយរដ្ឋមន្ត្រីបានបំផុសទាក់ទាញអ្នកវិនិយោគ និងធុរជននៅប្រទេសចិនមកស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្ដី បានចែករំលែកនូវចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ក្រោមគំនិតផ្ដួចផ្ដើមយុទ្ធសាស្រ្ដរួមរបស់ក្រសួងទេសចរណ៍ក្នុងអាណត្តិរាជរដ្ឋាភិបាល ដែលទើបបង្កើតថ្មីរបស់កម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្ដោតលើសសរស្ដម្ភយុទ្ធសាស្រ្ដចំនួន៥ ហៅកាត់ថា «បង្កើន 5-BUILD» ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣-3Ds» អភិក្រម «ភាពច្នៃប្រឌិតនៃការគិត» ព្រមជាមួយជាមួយនឹងការដាក់ចេញនូវគោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រជាតិ ផែនការអភិវឌ្ឍន៍ទេសចរណ៍ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីបង្កើនកិច្ចសហការគ្រប់ជ្រុងជ្រោយ វិជ្ជមាន និងមានភាពរលូនក្នុងដំណើរការនៃការស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានស្នើឱ្យប្រតិភូចិនក្រុងស៉ិនជិន ផ្ដល់អាទិភាពលើការវិនិយោគបង្កើនផលិតផលទេសចរណ៍ឱ្យបានច្រើន និងសូមជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ផលិតផលទេសចរណ៍នៅកម្ពុជាទៅដល់ទីផ្សារទេសចរណ៍ក្រុងស៉ិនជិន និងប្រទេសចិន ក៏ដូចជាទីផ្សារអន្តរជាតិផ្សេងទៀត ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកាន់កម្ពុជាកាន់ច្រើនឡើង។

គណៈប្រតិភូចិនក្រុងស៊ិនជិនបានគាំទ្រចំពោះសំណើរបស់ឯកឧត្តម រដ្ឋមន្រ្ដី សុខ សូកេន ក្នុងការជំរុញរំហូរទេសចរចិនមកកម្ពុជា ដោយស្នើសុំឱ្យមានកិច្ចសហការផ្សព្វផ្សាយរួមគ្នាពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិនដែលរស់នៅក្នុងទីក្រុងស៊ិនជិន។

គណៈប្រតិភូចិនដដែលក៏បានគោរពស្នើឯកឧត្តម រដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍ ទៅទស្សនកិច្ចស្វែងយល់វិស័យទេសចរណ៍ក្រុងស៊ិនជិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ក្រុងស៊ិនជិន។

ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រ្ដីក៏នឹងជំរុញឱ្យមានដំណើរការពេញលេញនូវក្រុមប្រឹក្សាផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍កម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យមានការចូលរួមពីផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ផ្សេងៗកាន់តែខ្លាំង។

ភាគីកម្ពុជាក៏បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរពីក្រុងស៉ិនជិនមកកាន់កម្ពុជាផងដែរ ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការទាក់ទាញ និងដឹកជញ្ជូនភ្ញៀវទេសចរទៅមកកម្ពុជា-ស៉ិនជិន ខណៈគោលដៅក្រុងស៉ិនជិនក៏មានភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាច្រើនផងដែរ ពោលគឺឈរលើលំដាប់ទី៥ក្នុងចំណោមភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា