ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលេីកទឹកចិត្តដល់អ្នកវិនិយោគជប៉ុន ឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជា លេីការកែច្នៃផលិតផលកសិកម្មដើម្បីនាំចេញ ទាំងទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុន នៅក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Ichiro MIYASHITA រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទជប៉ុន កាលពីថ្ងៃ០៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។
នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីកិច្ចសហប្រតិបត្តិការកន្លងមករវាង កម្ពុជា-ជប៉ុន ដែលបានសហការកន្លងមក ក្រោមជំនួយកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលជប៉ុនមកកម្ពុជា។ ក្រោមជំនួយ ODA ជប៉ុនបានចូលរួមចំណែកអភិវឌ្ឍ ធ្វេីឱ្យកសិកម្មកម្ពុជាកាន់តែប្រសេីរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់បន្ថែមថា ដេីម្បីឱ្យគម្រោង ODA កាន់តែមានប្រសិទ្ធភាពនោះ ភាគីពាក់ព័ន្ធគួរធ្វេីយ៉ាងណា ជួយដល់សេដ្ឋកិច្ចកសិករ ឱ្យនៅតែមាននិរន្តភាព ក្រោយពីគម្រោងបិទបញ្ចប់។ ហើយបន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តចំពោះអ្នកវិនិយោគជប៉ុន ឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជា លេីការកែច្នៃផលិតផលកសិកម្មដើម្បីនាំចេញ ទាំងទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ៕

អត្ថបទ៖ លីនី


