យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ម៉ាឡេស៊ី ចង់បញ្ជាទិញអង្ករពីកម្ពុជា ដោយផ្ដោតលើអង្ករចំនួន ២ប្រភេទ។ គោលបំណងរបស់ប្រទេសម៉ាឡេស៊ីនេះ បានលើកឡើងនៅក្នុង ជំនួបសម្ដែងការគួរសមរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេសុី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ។
នៅក្នុងពាណិជ្ជកម្មកសិកម្ម ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះភាគីម៉ាឡេស៊ី ដែលចង់បញ្ជាទិញអង្ករពីកម្ពុជា ជាពិសេសប្រភេទអង្ករស និងប្រភេទអង្ករក្រអូប។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍ ក្នុងការបើកផ្លូវដល់វិនិយោគិនម៉ាឡេស៊ី ដែលមានបំណងចង់មកវិនិយោគលើដំណាំស្វាយ ម្នាស់ និងអំពៅ នៅកម្ពុជា។
លើសពីនេះ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ តាមរយៈអនុសារណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៦មក។ ទាក់ទងនឹង MOU នេះ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim បានបង្ហាញពីបំណងជំរុញការអនុវត្ត MOU នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្ដល់ជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ៕





អត្ថបទ៖ លីនី


