នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត។ ជំនួបជាមួយកម្មករ និយោជិតជាលើកទី៥ក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ធ្វើឡើងនៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះសម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី មិនមានការបង្កើតច្បាប់ពន្ធថ្មីនោះទេ ហើយក៏អត់មានដំឡើងអត្រាពន្ធនោះដែរ។ ជាមួយគ្នានេះ សម្តេចធិបតីបាន ប្រកាសមិនយកពន្ធលើដីស្រែ, សម្ភារៈកសិកម្ម, ពន្ធកសិផល, ពន្ធចលនទ្រព្យ តម្លៃក្រោម ២៥,០០០ដុល្លារ, មិនយកពន្ធប្រថាប់ត្រា ក្រោម ៧ម៉ឺនដុល្លារ, មិនយកពន្ធប្រថាប់ត្រាលើការផ្ទេអចលនទ្រព្យពីសាច់ញាតិ, ម៉ូតូ និងកង់ ៣ អត់យកពន្ធផ្លូវទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា៖ « ឥលូវរឿងពន្ធដារ គោលការណ៍ដោះស្រាយរួមយើងនឹងបង្កើតនៅខែវិច្ឆិកា ដែលលម្អិតនោះ ខ្ញុំនឹងប្រកាសពេលនោះ។ អ្វីដែលខ្ញុំសូមបញ្ជាក់បងប្អូនប្រជាពលរដ្ឋ ទី១. គឺរដ្ឋាភិបាលថ្មីក្នុងអាណត្តិថ្មី មិនមានពន្ធថ្មីដាក់ឱ្យប្រជាពលរដ្ឋទេ មិនមានការបង្កើតពន្ធថ្មីនោះទេ។ ទី២. ពន្ធដែលមានស្រាប់មិនមានការដំឡើងអត្រាពន្ធទេ សុំបញ្ជាក់ឱ្យច្បាស់អត់មានដើរកៀបកប្រជាពលរដ្ឋទេ។ ទី៣. យើងនឹងដាក់ចេញនូវគោលការណ៍មួយចំនួន ពាក់ព័ន្ធនឹងពន្ធនៅក្នុងពេលប្រជុំពន្ធនៅក្នុងវិស័យឯកជនក្នុងខែវិច្ឆិកា។
សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា៖ « ក្រៅពីពន្ធថ្មី ដែលយើងមិនចេញ ដែលយើងមិនដំឡើងពន្ធ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅការប្ដេជ្ញាចិត្តនូវគោលនយោបាយបន្តទៀតរបស់គណបក្សប្រជាជនទៅលើការមិនយកពន្ធ ទី១ យើងនឹងបន្តមិនយកពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋទេ ទី២.យើងមិនយកពន្ធសម្ភារកសិកម្មទេ ទី៣.យើងមិនយកពន្ធលើកសិផលកសិកម្មទេ ទី៤.យើងមិនយកពន្ធអចលនទ្រព្យតម្លៃថោកជាង ១០០លានរៀល ឬ ២៥០០០ដុល្លារនោះទេ ចឹងបងប្អូនទិញផ្ទះថោកជាងហ្នឹងមិនជាប់ពន្ធទេ ហើយពន្ធប្រថាប់ត្រាបើមានទិញលក់អចលនទ្រព្យក្រោម ៧ម៉ឺនដុល្លារ មិនយកពន្ធទេ ហើយពន្ធប្រថាប់ត្រាដោយការផ្ទេរទ្រព្យពីឪពុកម្ដាយទៅកូន យាយតាមកចៅ ប្ដីមកប្រពន្ធ សម្រាប់អំណោយមួយលើក ឬ មរតកនោះ យើងនឹងបន្តមិនយកពន្ធទេ ហើយពន្ធទោចក្រយានយន្ត ពន្ធផ្លូវ ដែលជិះម៉ូតូ ឬ កង់បីនេះ រដ្ឋនឹងមិនយកពន្ធផ្លូវទេ។ នេះហើយក្រៅពីមិនអ្វីថ្មី មិនបង្កើនអ្វីដែលមានស្រាប់ រដ្ឋក៏ប្ដេជ្ញាចិត្តនូវអ្វីដែលយើងមិនបានយក និងបន្តមិនយកតទៅទៀត នេះសុំឱ្យច្បាស់រឿងពន្ធនេះ»៕




អត្ថបទ៖ លីនី


