សញ្ញាល្អ! ភ្នាក់ងារចំណីអាហារសិង្ហបុរី ជួបជាមួយក្រុមហ៊ុននាំចេញអង្ករកម្ពុជាចំនួន ៨ ពិភាក្សាលើការនាំចេញអង្ករទៅទីផ្សារសិង្ហបុរីបន្ថែមទៀត
សេដ្ឋកិច្ច September 30, 2023 Khmernote

កម្ពុជា អាចនឹងមានឱកាសនាំចេញអង្ករទៅទីផ្សារប្រទេសសិង្ហបុរីកាន់តែច្រើនថែមទៀត ក្រោយគណៈប្រតិភូមកពីទីភ្នាក់ងារចំណីអាហារសិង្ហបុរី នៃសាធារណរដ្ឋសិង្ហបុរី បានជួបពិភាក្សាជាមួយក្រុមហ៊ុននាំចេញអង្ករកម្ពុជាឈានមុខចំនួន ៨ក្រុមហ៊ុន អំពីដំណើរការ ក៏ដូចជាសិក្សាអំពីយុទ្ធសាស្រ្តនាំចេញអង្ករកម្ពុជាទៅទីផ្សារប្រទេសសីង្ហបុរី។

យោងតាមចចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករ បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០២៣ កន្លងទៅនេះ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយនឹងលោក រស់ សុផារិទ្ធ លោក យន់ ហុង និងកញ្ញា សៅ ខេណ្ណារ័ត្ន អនុប្រធានសហ័ពន្ធស្រូវអង្ករកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូមកពីទីភ្នាក់ចំណីអាហារសិង្ហបុរី នៃសាធារណរដ្ឋសិង្ហបុរី ដឹកនាំដោយ លោកបណ្ឌិត Abdul Jalil ជំនួយការប្រធានអគ្គនាយកប្រតិបត្តិ នៃទីភ្នាក់ងារចំណីអាហារសិង្ហបុរី អមដំណើរដោយសហការីចំនួន៣រូប។

ជាមួយគ្នានេះដែរ ស្របតាមការស្នើរសុំ និងការសម្របសម្រួលនៃសហព័ន្ធស្រូវអង្ករកម្ពុជា លោកបណ្ឌិត Abdul Jalil បានបន្តជួបជាមួយក្រុមហ៊ុននាំចេញឈានមុខចំនួន ៨ ដើម្បីពិភាក្សាអំពីដំណើរការ ក៏ដូចជាសិក្សាអំពីយុទ្ធសាស្រ្តនាំចេញអង្ករកម្ពុជាទៅទីផ្សារប្រទេសសីង្ហបុរីអោយកាន់តែច្រើនទៀត។

គូសបញ្ជាក់ដែរថា កិច្ចជំនួបលើកនេះនឹងអាចជាឱកាសដ៏ល្អមួយក្នុងការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសសិង្ហបុរី៕

អត្ថបទ៖ លីនី