សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួល សម្ដេចនឹងបន្តជម្រុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ពិនិត្យតាមដាន និងដាក់វិធានការបន្ថែមដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករ
សេដ្ឋកិច្ច September 28, 2023 Khmernote

នៅថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ។ លទ្ធផលផ្លូវការ គឺក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ប៉ុន្តែដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិត ដែលជាអាទិភាពខ្ពស់បំផុត រាជរដ្ឋាភិបាលបានសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ​។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេចធិបតី បានគូសបញ្ជាក់ដល់ បងប្អូនកម្មករនិយោជិត និងសាធារណជនថា សម្ដេចនឹងបន្តជម្រុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។

ទន្ទឹមនឹងនេះ សម្ដេចនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ៕

អត្ថបទ៖ លីនី