អគ្គនាយកដ្ឋានពន្ធដារ បានច្រានចោល ការលើកឡើងថា មានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារ នេះបើយោងតាមសេចក្ដីបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។
នៅក្នុងសេចក្ដីបំភ្លឺ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា៖ «ចំពោះការលើកឡើងថាមានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារនេះ ជាការលើកឡើងមិនត្រឹមត្រូវនោះទេ»។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារសូមបំភ្លឺបញ្ជាក់ថា យោងតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ពុំមានការ កំណត់ណាមួយតម្រូវឱ្យយកពន្ធ ១% លើប្រាក់កម្ចីរបស់ប្រជាពលរដ្ឋនោះទេ។ ហើយអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់ សូមធ្វើការឈ្វេងយល់ពីព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចៀសវាងទទួលបាន និងចែករំលែកបន្តនូវព័ត៌មានបំភាន់ ក្លែងបន្លំ និងនាំឱ្យសាធារណជនមានការយល់ច្រទ្បំ។
ក្នុងករណីមានចម្ងល់នានា ពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat៕

អត្ថបទ៖ លីនី


