កម្ពុជា-ជប៉ុន ឯកភាពគ្នាជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញ ដើម្បីជំរុញលំហូរភ្ញៀវទេសចរប្រទេសទាំងពីរឱ្យកើនឡើងថែមទៀត
ទេសចរណ៍ September 23, 2023 Khmernote

កម្ពុជា និងជប៉ុន ជំរុញឱ្យមានជើងហោះហើរត្រង់រវាងគ្នាឡើងវិញ ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យមានការកើនឡើងបន្ថែមទៀត។ នេះបើយោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣​។

សេចក្ដីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានា សម្រាប់បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេស ទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសជំរុញលំហូរភ្ញៀវទេសចរកម្ពុជា-ជប៉ុនឱ្យកាន់តែមានការកើនឡើងជាលំដាប់។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានឯកភាពគ្នា លើគំនិតផ្ដួច ផ្តើមក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញរវាងកម្ពុជា-ជប៉ុន ដោយក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យមានការកើនឡើងបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការប្ដេជ្ញាចិត្ត រួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរ វប្បធម៌និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យរឹងមាំ និងការបង្កើន ទំនុកចិត្តទៅវិញទៅមកឱ្យកាន់តែប្រសើរឡើងថែមទៀតសម្រាប់ប្រទេសទាំងពីរ៕

អត្ថបទ៖ លីនី