ឯកឧត្តម ហេង សួរ អះអាងថា រោងចក្រនៅកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្ម ៤ពាន់នាក់បន្ថែម ខណៈកម្មករសរុបមានជាង ១៤ម៉ឺននាក់
សេដ្ឋកិច្ច September 11, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៣នេះ រោងចក្រនៅខេត្តកំពង់ស្ពឺកំពុងត្រូវការកម្មករប្រមាណ ៤ពាន់នាក់ បន្ថែម ក្នុងខណៈដែលវិស័យសេដ្ឋកិច្ចទាំងមូលមានឱកាសប្រមាណ ១ម៉ឺន៧ពាន់កន្លែងបន្ថែមទៀត។

ថ្លែងនៅចំពោះមុខកម្មករជិត ២ម៉ឺននាក់ ក្នុងខេត្តកំពង់ស្ពឺ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ “យោងតាមរបាយការណ៍តម្រូវការកម្លាំងពលកម្មដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទូទាំងប្រទេសមានតម្រូវការកម្លាំងពលកម្មថ្មីប្រមាណ ១ម៉ឺន៧ពាន់នាក់ ហើយសម្រាប់នៅខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មថ្មីប្រមាណ ៤ពាន់នាក់”។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានរំលឹកឱ្យដឹងថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មានកម្មករនិយោជិតកំពុងបម្រើការងារសរុបជាង ១៥ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ ៤៧០លានដុល្លារក្នុងមួយឆ្នាំៗ នៅតាម រោងចក្រ-សហគ្រាស ចំនួន ៣៨៥ ដែលក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមួយមុខ មានចំនួន១៩១ និងប្រើកម្លាំងកម្មករនិយោជិតសរុបជិត ១៤ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ៤៣០លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះខេត្តដ៏មានសក្តានុពលមួយនេះ គឺជាខេត្តលំដាប់ទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ។

ការបញ្ជាក់ពីកំណើនការងាររបស់កម្ពុជានេះ នៅស្របពេលដែលមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកដែលកំពុងញ៉ាំញីដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងវិបត្តិដែលដរចេញពីវិបត្តិសកលកូវីដ១៩។ គិតត្រឹម៦ខែដើមឆ្នាំ២០២៣នេះ អង្គការរូបិយប័ណ្ណពិភពលោក (IMF) បានចុះផ្សាយថា កំណើនសេដ្ឋកិច្ចសកលត្រូវបានគេព្យាករណ៏ថានឹងថយចុះពី ៣,៥% នៅឆ្នាំ២០២២ មកត្រឹម ៣,០% សម្រាប់ឆ្នាំ២០២៣ និង២០២៤។ ទន្ទឹមនឹងនេះកំណើនសេដ្ឋកិច្ចអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ត្រូវបានព្យាករថាធ្លាក់ចុះដូចគ្នា។

ដោយឡែកការនាំចូលផលិតផលវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប បានធ្លាក់ចុះ ៤៣,៦ពាន់លានដុល្លារអាមេរិកនៅត្រីមាសទី៣ ឆ្នាំ២០២២ មកត្រឹម ២៩,៤ពាន់លានដុល្លារអាមេរិកមកនៅត្រីមាសទី១ ឆ្នាំ ២០២៣ ដែលចំនួននេះគឺធ្លាក់ចុះប្រមាណ ៣២,៤%។ សម្រាប់អឺរ៉ុបរបាយការណ៏របស់ Eurostat បញ្ជាក់ថា ការនាំចូលផលិតផលវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបចូលមកអឺរ៉ុបគឺបានថយចុះប្រមាណពី ៤១,៦ពាន់លានអឺរ៉ូ នៅត្រីមាសទី៣ ឆ្នាំ២០២២ មកត្រឹម ៣១,៦ពាន់លានអឺរ៉ូ នៅត្រីមាសទី១ ឆ្នាំ២០២៣ ពោលគឺថយចុះប្រមាណ ២៤%។

យ៉ាងណាក៏ដោយ បើទោះបីនិន្នាការពិភពលោកមានការធ្លាក់ចុះមែន ប៉ុន្តែកំណើនការងារធ្វើនៅកម្ពុជានេះ គឺជាសញ្ញាណល្អសម្រាប់កម្ពុជា ដែលរដ្ឋាភិបាលបានប្រឹងប្រែងដាក់ចេញវិធានការជាច្រើនដើម្បីធានាលំនឹងទីផ្សារ និងសេដ្ឋកិច្ចដើម្បីរក្សាចំណូលជូនប្រជាជន៕

ប្រភព៖ ក្រសួងព័ត៌មាន