ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ណែនាំដល់កសិករឲ្យទុកស្រូវឲ្យបានទុំល្អចាំច្រូត ដេីម្បីទទួលបានតម្លៃល្អ ហេីយរោងម៉ាសុីនក៏បានស្រូវល្អសម្រាប់កែច្នៃជាអង្ករ
សេដ្ឋកិច្ច September 8, 2023 Khmernote

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា ក្រសួងកសិកម្ម កំពុងធ្វេីការណែនាំដល់កសិករឲ្យទុកស្រូវឲ្យបានទុំល្អចាំច្រូត ដេីម្បីទទួលបានតម្លៃល្អ ហេីយរោងម៉ាសុីនក៏បានស្រូវល្អសម្រាប់កែច្នៃជាអង្ករ។ ឯកឧត្តមបណ្ឌិតបានលើកឡើងបែបបនេះ តាមរយៈការបង្ហោះសំណេរនៅលើគណនីហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញុនេះ។

រដ្ឋលេខាធិការ ក្រសួងកសិកម្ម បា​នលើកឡើងដូច្នេះថា៖ « ស្ថានភាពតម្លៃស្រូវនៅតែល្អសម្រាប់កសិករនាពេលបច្ចប្បន្ននេះជាពិសេសបេីធៀបទៅនឹងឆ្នាំ ២០២២ ក្នុងពេលវេលាដូចគ្នា (តម្លៃនៅខ្ពស់ជាង ១០០០ រៀលក្នុងមួយគីឡូ ដែលឆ្នាំទៅចន្លោះពី ៨០០ ទៅ ៩០០ រៀលក្មុងមួយគីឡូសម្រាប់ពូជ OM) បើទោះបីជារយ:ពេល ២ ឬ ៣ ថ្ងៃចុងក្រោយនេះមានការធ្លាក់ថ្លៃបន្តិចបន្តួចនៅតាមតំបន់មួយចំនួនក៏ដោយ។ ម្យ៉ាងវិញទៀតឈ្មួញទិញលក់ទៅវៀតណាម នៅតែបន្តចូលមកទិញស្រូវដូចធម្មតា ហេីយរោងម៉ាសុីនក្នុងស្រុកក៏នៅបន្តទិញស្រូវដែរ។ យេីងកំពុងធ្វេីការណែនាំដល់កសិករឲ្យទុកស្រូវឲ្យបានទុំល្អចាំច្រូត ដេីម្បីទទួលបានតម្លៃល្អ ហេីយរោងម៉ាសុីនក៏បានស្រូវល្អសម្រាប់កែច្នៃជាអង្ករ »។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតបានបន្ថែមថា៖ ការសម្របសម្រួលឲ្យមានការសហការគ្នាល្អរវាងកសិករនិងកសិករ និងរវាងសហគមន៍កសិករនិងរោងម៉ាសុីនជាយុទ្ធសាស្រ្តវែងឆ្ងាយរបស់យេីងក្នុងការពង្រីកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវអង្ករជូនកសិករនិងពាក់ព័ន្ធ ៕

អត្ថបទ៖ លីនី