កូរ៉េ ប្រកាសជួយជ្រោមជ្រែងកម្ពុជាដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០
សេដ្ឋកិច្ច September 8, 2023 Khmernote

ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ ឯកឧត្តម គីមជីនលូ (KmJr-Pyo) ​បានប្រកាសថា កូរ៉េនឹង​បន្តជួយជ្រោមជ្រែង​ដល់កម្ពុជា​ ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេស​មាន​ចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០។ ការលើកឡើងរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួប​ជាមួយ​សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ​និងជាប្រធានគណបក្សប្រជា ជនកម្ពុជា ​នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នាវិមាន ៧មករា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ​ស្តីពីលទ្ធផលនៃកិច្ចជំនួបបានឲ្យដឹងថា នៅក្នុងកិច្ចជំនួបនេះ​ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានថ្លែងកោត​សរសើរ​ សម្តេចតេជោ អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និងស្នើសុំឱ្យសម្តេចតេជោ បន្តចូលរួមគិតគូរអំពីសន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់ និងពិភពលោក​ទៀតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់ថា « ភាគីកូរ៉េនឹងបន្តជួយជ្រោមជ្រែងភាគីកម្ពុជា ដើម្បី​សម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់​ ឆ្នាំ២០៥០»។

នៅក្នុងកិច្ចជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីទំនាក់ទំនងល្អ​ជាប្រវត្តិសាស្ត្រ និងថ្លែងអំណរគុណ ​ចំពោះភាគីមិត្ត ​ដែលបានជួយកម្ពុជាក្នុងគ្រាលំបាក រួមទាំង​ការស្ដារ​សេដ្ឋកិច្ច​សង្គមឡើងវិញ ​ក្រោយសង្គ្រាមស៊ីវិលអស់រយៈពេលជាយូរ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលា​បណ្តុះបណ្តាល​បច្ចេកទេស ​ពិសេសស្ពានមិត្តភាពកម្ពុជា-កូរ៉េ ​ដែលគ្រោងនឹងសាងសង់ ឆ្លងកាត់​ទន្លេសាប និងទន្លេមេគង្គ ​គឺជា​និមិត្ត​រូប ​នៃសាមគ្គីភាពដ៏អស្ចារ្យរវាងប្រទេសទាំងពីរផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចជំនួបខាងលើនេះភាគីទាំង​ពីរ​បានផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ ​និងភាពជាដៃគូរជឿជាក់សម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េនិងមេគង្គ-កូរ៉េ។ ភាគីទាំងពីរអបអរសាទរចំពោះសមិទ្ធផលរួម ​ដែលសម្រេចបានក្នុង ការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ​ទោះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ ភាគីទាំងពីរនឹងជម្រុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ​បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និង​បង្កើតឡើងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត​ ដើម្បីជាប្រយោជន៍ប្រជាជន​នៃប្រទេសទាំងពីរ៕

អត្ថបទ៖ លីនី