យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នរាជធានីភ្នំពេញមានរោងចក្រសហគ្រាស ចំនួនប្រមាណជាង៩ពាន់រោងចក្រ ដែលកំពុងផ្តល់ឱកាសការងារដល់កម្មករនិយោជិត ឱ្យមានចំណូលទៀងទាត់សម្រាប់ទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារនិងទទួលអត្ថប្រយោជន៍ជាច្រើនទៀតទៅតាមការរីកចម្រើននៃរោងចក្រនីមួយៗ។
ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,០០០នាក់ ក្រោមអធីបតីភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាបច្ចុប្បន្នមានការវិនិយោគជាច្រើនពីបរទេស ដោយទាំងរោងចក្រនិងសហគ្រាសនៅភ្នំពេញនិងបណ្តាខេត្តមានការកើនឡើងជាបន្តបន្ទាប់ ដែលបង្ហាញឱ្យឃើញថា កម្ពុជាមានការអភិវឌ្ឍលឿនរហ័សនិងមានសុខសន្តិភាពពេញលេញទើបមានអ្នកវិនិយោគមកបណ្ដាក់ ទុនជាបន្តបន្ទាប់បែបនេះ»។
ឯកឧត្តម ហេង សួរ បានបន្តថា ជាក់ស្តែងបច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសប្រមាណ៩០៣២៣រោងចក្រ និងមាន កម្មករនិយោជិកចំនួនប្រមាណ ៦៦ម៉ឺននាក់ កំពុងធ្វើការងារប្រកបដោយនិរន្តរភាពនិងមានប្រាក់ខែសមរម្យសម្រាប់បង្កើនជីវភាពឱ្យមាន ភាពធូរធារពីមួយឆ្នាំទៅមួយឆ្នាំពិសេសកាត់បន្ថយការចំណាកស្រុក។
« បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសប្រមាណ៩០៣២៣រោងចក្រ មានកម្មករនិយោជិក ប្រមាណ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្មួលសរុបជាង២ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះសហគ្រាសវិស័យកាត់ដេរមានចំនួន ៧៤៣រោងចក្រ មានកម្មករនិយោជិកសរុបចំនួនប្រមាណ៣៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញ ជាប៉ូលសេដ្ឋកិច្ចទី១ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រសហគ្រាសច្រើនជាងគេ » ។
សូមបញ្ជាក់ថា សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧២៥៦សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ១,៥ លាននាក់។ នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួនត្រឹមតែ ៦៤ ដែលមានកម្មករនិយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួន ២២៧ លានដុល្លារអាមេរិក។ នៅឆ្នាំ២០២៣ នេះ រោងចក្រវិស័យកាត់ដេរ បានកើនដល់ចំនួន ១៣២៦ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨៤ ម៉ឺននាក់ (ស្រី ៦៦ ម៉ឺននាក់) ការនាំចេញ មានរហូតដល់ប្រមាណ ១៣ ពាន់លានដុល្លារអាមេរិក (ឆ្នាំ២០២២)។ ក្នុងឆ្នាំ២០២២ សាលារាជធានី បានទទួលការស្នើសុំ ក្នុងការសាងសង់នូវគម្រោងជាង ១,១០០គម្រោង ក្នុងទំហំទុនប្រមាណជាង ៦០៥ លានដុល្លារអាមេរិក៕



ប្រភព៖ ក្រសួងព័ត៌មាន


