តម្លៃនាំចេញរបស់អង្ករវៀតណាម នៅតែខ្ពស់ជាងគេក្នុងពិភពលោក
សេដ្ឋកិច្ច August 29, 2023 Khmernote

សមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា តម្លៃអង្ករនាំចេញរបស់វៀតណាមនៅតែខ្ពស់ជាងគេក្នុងពិភពលោក ដោយ​អង្ករ​បាក់ ៥ ភាគរយ​ឡើង​ដល់ ៦៣៨ ដុល្លារ​ក្នុង​មួយ​តោន និង​អង្ករ​បាក់ ២៥ ភាគរយមានតម្លៃ ៦២៣ ដុល្លារ​ក្នុង​មួយ​តោន ខណៈអង្ករ​បាក់ ៥ ភាគរយ​របស់​ថៃ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ៦២៨ ដុល្លារ​ក្នុង​មួយ​តោន និងនៅ​ប៉ាគីស្ថាន​តម្លៃ ៥៩៨ ដុល្លារ​ក្នុង​មួយ​តោន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress

ប្រភពដដែលបានឱ្យដឹងទៀតថា នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលជាជង្រុកស្រូវ និងអង្ករធំជាងគេរបស់វៀតណាម តម្លៃស្រូវនៅតែស្ថិតក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកក្នុងមូលដ្ឋានជាច្រើន ដែលជួយកសិករទទួលបានប្រាក់ចំណេញល្អប្រសើរ។ យោង​តាម​ក្រសួង​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៧ ខែ​ដើម​ឆ្នាំ​នេះ វៀតណាម​បាន​នាំ​ចេញ​អង្ករ​ចំនួន ៤,៨៣ លាន​តោន ហើយប្រទេសនេះគ្រោងនឹងនាំចេញប្រហែល ២.៦៧ លានតោនក្នុងរយៈពេលប្រាំខែដែលនៅសល់នៃឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា សន្ទស្សន៍តម្លៃអង្កររបស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១២ឆ្នាំ។ ការផ្លាស់ប្តូរនេះ គឺដោយសារតែការកើនឡើងនៃតម្លៃនៅក្នុងប្រទេសនាំចេញអង្ករសំខាន់ៗ បន្ទាប់ពីឥណ្ឌាបានដាក់កំហិតលើការនាំចេញអង្កររបស់ខ្លួន៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress