យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ នាវាទេសចរណ៍បរទេស ជិត២០គ្រឿងបានដឹកភ្ញៀវចម្រុះជាតិសាសន៍ មកលេងកម្សាន្តនៅខេត្តព្រះសីហនុ ដែលជួយបង្កើនប្រភពចំណូលមួយផ្នែកដល់អ្នកបម្រើសេវាទេសចរណ៍នៅក្នុងខេត្តនេះ។
លោកតាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានថ្លែងប្រាប់ក្រុមការងាររបស់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បន្ទាប់ពីស្ថានពីជំងឺកូវីដ១៩បានធូរស្រាល ភ្ញៀវទេសចរបទេស ក៏ធ្វើដំណើរ កម្សាន្តមកកាន់ខេត្តព្រះសីហុនជាបន្តបន្ទាប់ ភាគច្រើនចូលមកតាមកប៉ាល់ដឹកភ្ញៀវទេសចរ ខណៈរយៈពេល ប៉ុន្មានខែចុងក្រោយនេះ នាវាទេសចរណ៍បរទេសប្រមាណជិត២០គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយកើនឡើងស្ទើរតែ១០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ លោកប្រធានបន្តថា ភ្ញៀវទេសចរបរទេសភាគច្រើនមកតាមកប៉ាល់ គឺជនជាតិអាមេរិក កាណាដា និងអឺរ៉ុប ជាដើម។
ក្នុងនោះភ្ញៀវទេសចរបរទេសភាគច្រើនចូលចិត្តទៅលេងកម្សាន្តនៅតាមតំបន់កោះ ដូចជាកោះរ៉ុង កោះរ៉ុងសន្លឹម និងបណ្តាកោះមួយចំនួនទៀត។ លោកប្រធានបន្ថែមថា ទោះបីជាចំនួននាវាកម្សាន្តដែលបានចុះចតនៅក្នុងខេត្តព្រះសីហនុមានចំនូនច្រើនជាងឆ្នាំកន្លងមកក៏ពិតមែន ប៉ុន្តែសម្រាប់ភ្ញៀវបរទេសដែលធ្វើដំណើរតាមផ្លូវអាកាស គឺមានចំនួនតិចតួចនៅឡើយ ខណៈបច្ចុប្បន្នក្នុង១សប្តាហ៍ ខេត្តព្រះសីហនុ មានជើងហោះហើរពីបរទេសផ្ទាល់ តែចំនួន១ជើងឬ២ជើងប៉ុណ្ណោះ ប៉ុន្តែទោះយ៉ាងណាចំនួនជើងហោះហើរផ្ទាល់ពីក្រៅប្រទេសត្រូវបានរំពឹងថា នឹងមានចំនួនច្រើននាពេលឆាប់ៗខាងមុខនេះ។
សំឡេង៖«និន្នាការជារួមយើងឃើញថាភ្ញៀវទេសចរបរទេស ចាប់ផ្ដើមត្រឡប់មកវិញ ជាពិសេសភ្ញៀវដែលចូលមកតាមនាវា យើងឃើញស្រាប់ហើយថា ប៉ុន្មានខែចុងក្រោយនេះ នាវាជិត២០នាវា ចូលមកខេត្តព្រះសីហនុ ដូចជា អឺរ៉ុប អាមេរិក មានការកើនឡើង ប៉ុន្តែចំនួនក៏មិនច្រើនដែរ ហើយក្នុងនោះភ្ញៀវក៏ចាប់ផ្ដើមទៅកម្សាន្តនៅតាមកោះ។ ប៉ុន្តែលើកលែងតែបរទេសមកពីទីផ្សារដ៏សំខាន់ៗ ទាំង១០ ដូចជាចិនក៏មិនទាន់ច្រើនដូចមុននោះទេ លើកលែងតែភ្ញៀវអាមេរិក កាណាដា អូស្ត្រាលី មួយចំនួន គឺបានធ្វើដំណើរមកតាមនាវាគឺមានចំនួនកើនឡើង។»
លោកប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងទៀតថា ស្របទៅតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួង ដើម្បី ទាក់ទាញ់ភ្ញៀវទេសចរបរទេស ក្នុងនោះមន្ទីរបានដាក់ចេញនូវផែនការមួយចំនួនដូចជា ពង្រឹងការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ពង្រឹងគុណភាពសេវាកម្មក្នុងការជំរុញបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងស្តង់ដារនៅតាមរមណីយដ្ឋាន ជាពិសេសនៅតាមតំបន់ឆ្នេរ ទាំងសុវត្ថិភាព និងគុណភាពជូនដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចភ្ញៀវដែលមកស្នាក់នៅក្នុងខេត្តព្រះសីហនុ។ បន្ថែមពីនោះទៀត រដ្ឋបាលខេត្តនឹងរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ។
បើតាមការបញ្ជាក់ពី លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងដែរថា ដើម្បីទ្រទ្រង់ដល់វិស័យទេសចរណ៍ ក៏ដូចជាការស្រូបទាញទេសចរអន្តរជាតិ ខេត្តបានកំពុងយកចិត្តទុកដាក់បន្តការអភិវឌ្ឍន៍និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេសចរណ៍ស្ដង់ដារ សេវាកម្មទេសចរណ៍ ព្រមទាំងពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសេវាដឹកជញ្ជូនសាធារណៈ រួមទាំងជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាត ទាំងនៅក្នុងទីក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរ ឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរ ដែលបានចូលរួមអភិវឌ្ឍនិងគាំទ្រដល់គោលនយោបាយ និងផែនការអភិវឌ្ឍទេសចរណ៍ជាតិរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននិងពេលអនាគត ។
គួរជម្រាបថា ក្នុងរយៈពេល ៧ខែ ពីខែមករាដល់ខែកក្កដាឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៣ ០៣៧ ៣៤៤ នាក់ កើនឡើង ៣០៨,៥ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ៧៤៣ ៤៥៩ នាក់។ ក្នុងចំណោមភ្ញៀវខាងលើ គឺភ្ញៀវមកពីប្រទេសថៃ និងវៀតណាម បានគ្របដណ្តប់ ៥១,៩ ភាគរយនៃចំនួនភ្ញៀវសរុប ក្នុងនោះភ្ញៀវថៃ មានចំនួន ១ ០២៨ ០២០ នាក់ កើនឡើង ៣៣១,២ ភាគរយ និងវៀតណាមមានចំនួន ៥៥១ ១៥៦នាក់ កើនឡើង ១៩០,៤ ភាគរយ។ បន្ទាប់មកគឺប្រទេសចិន មានចំនួន ៣១៨ ៤៩៨ នាក់ កើន៦៦៨,៩ភាគរយ, ឡាវមានចំនួន ១៧៣ ៨៨៦ នាក់ កើន ២ ៦២៥,៩ ភាគរយ, អាមេរិក ១១០ ៦៩៧ នាក់ កើន ២១៧ ភាគរយ , កូរ៉េ ១០១ ៧២៨ នាក់ កើន ៣៤១,៨ ភាគរយ, ឥណ្ឌូនេស៊ី ៧២ ៩០៤ នាក់ កើន ១៦៦ភាគរយ, បារាំង ៦១ ៣៤៤ នាក់ កើន ១៧៤,៣ ភាគរយ ,ចក្រភពអង់គ្លេស ៥៨ ៨២៩ កើន ២៨៥,៥ ភាគរយ, និងប្រទេសរុស្ស៊ី ៥៨ ៦៩៣ នាក់ កើន ៣ ៦៥៧,៦ ភាគរយ៕




ប្រភព៖ ក្រសួងព័ត៌មាន


