ប្រធានាធិបតីឥណ្ឌូណេស៊ី ជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីបំណងនាំអង្ករចេញពីកម្ពុជាទៅប្រទេសឥណ្ឌូណេស៊ី ហើយនឹងធ្វើការពិភាក្សាគ្នាឆាប់ៗខាងមុខនេះ
សេដ្ឋកិច្ច August 12, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម Joko Widodo ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានមានប្រសាសន៍ បញ្ជាក់ជូនសម្ដេចតេជោ ហ៊ុន សែន នូវបំណងចង់នាំអង្ករចេញពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ី ហើយនៅពេលដ៏ខ្លីខាងមុខនេះ ឯកឧត្ដមសូមអនុញ្ញាតពីសម្ដេចតេជោ ដើម្បីបញ្ជូនប្រតិភូមកពិភាក្សាលើករណីនេះ។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផ្លែត ជំនួយការផ្ទាល់សម្ដេច បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Joko Widodo (យូកូ វីដូដូ) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នារសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ឯកឧត្ដម អ៊ាង សុផ្លែត បានឱ្យដឹងទៀតថា កិច្ចសន្ទនាក៏បានផ្ដោតទៅលើ ការគោរពជូនពរសម្ដេចតេជោ ដែលបានទទួលជោគជ័យ អំពីការបោះឆ្នោតកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលការបោះឆ្នោតនោះ បានប្រព្រឹត្តទៅ ប្រកបដោយសេរី សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អ និងដោយគ្មានអំពើហិង្សា។ ឯកឧត្ដម Joko បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមទន្ទឹងរង់ចាំធ្វើការជាមួយឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ។

កិច្ចសន្ទនា ក៏បានផ្ដោតការយកចិត្តទុកដាក់ទៅលើ បញ្ហាសន្តិសុខស្បៀង ដែលក្នុងនោះ ឯកឧត្ដម Joko បានបញ្ជាក់នូវបំណងចង់នាំអង្ករចេញពីកម្ពុជា ហើយនៅពេលដ៏ខ្លីខាងមុខនេះ ឯកឧត្ដមសូមអនុញ្ញាតពីសម្ដេចតេជោ ដើម្បីបញ្ជូនប្រតិភូមកពិភាក្សាលើករណីនេះ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវអំណរគុណ ជូនចំពោះឯកឧត្ដម Joko ហើយបានសម្ដែងនូវការស្វាគមន៍ចំពោះប្រតិភូ ដែលនឹងអញ្ជើញមកពិភាក្សាលើការនាំអង្ករចេញទៅប្រទេសឥណ្ឌូណេស៊ី។ សម្ដេចតេជោ បានលើកឡើងអំពីលទ្ធភាព ដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាចដាក់ទុន ១០០%នៅកម្ពុជា លើការបង្កើតរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញស្រូវពីប្រជាកសិករ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញ៕ដោយ៖ ជឹម ណារី

ប្រភព៖ ក្រសួងព័ត៌មាន