អាមេរិក បើកភ្លើងខៀវឱ្យវៀតណាមនាំចេញដូងស្រស់ទៅទីផ្សាររបស់ខ្លួន
សេដ្ឋកិច្ច August 11, 2023 Khmernote

វៀតណាមទទួលបានភ្លើងខៀវនាំចេញដូងស្រស់ (ផ្លែដូងដែលរំលីងសំបករួច) ទៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ។

សារព័ត៌មានដដែលបានឱ្យដឹងថា សេវាត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ (APHIS) របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានប្រកាស ពីការអនុញ្ញាតរបស់ខ្លួនសម្រាប់ប្រទេសវៀតណាមក្នុងការនាំចេញដូងស្រស់មកកាន់សហរដ្ឋអាមេរិក។ បើយោងតាម APHIS ផលិតករវៀតណាម មានសិទ្ធិចាប់ផ្តើមការនាំចេញដូងស្រស់ទៅកាន់សហរដ្ឋអាមេរិកភ្លាមៗ ក្រោយទទួលបានអនុញ្ញាតនេះ។

APHIS បានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយកដ្ឋានការពាររុក្ខជាតិក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) ទាក់ទងនឹងការបើកការនាំចូលដូងរបស់សហរដ្ឋអាមេរិកពីប្រទេសវៀតណាម។ នៅក្នុងលិខិតចុះថ្ងៃទី០៨ ខែសីហា របស់ខ្លួន APHIS បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបើកទីផ្សារសម្រាប់ដូងរបស់វៀតណាម ដោយបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការផ្តល់អាទិភាពកំពូល ដើម្បីអនុវត្តតាមសំណើរបស់ភាគីវៀតណាម។

ជាមួយគ្នានេះដែរ APHIS បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យតាមអ៉ីនធឺណិតនៃតម្រូវការនាំចូលទំនិញកសិកម្ម (ACIR) ដើម្បីអនុញ្ញាតឱ្យមានការនាំចូលដូងខ្ចីពីប្រទេសវៀតណាម ដោយដូងដែលនាំចេញទាំងអស់ ត្រូវរំលីងស្រកីចេញឱ្យបានយ៉ាងហោចណាស់ ៧៥% ហើយសំបកខៀវដែលនៅខាងក្រៅត្រូវកាត់ចេញឱ្យអស់។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន វៀតណាមរកបាន ៩០០លានដុល្លារពីការនាំចេញដូង។ ឧស្សាហកម្មដូងរបស់វៀតណាមបច្ចុប្បន្នមានផលិតផលជិត ៩០ ដែលត្រូវបានដាក់លក់នៅលើទីផ្សារ។ ក្រៅ​ពី​នេះ មាន​ផលិតផល​អាហារ​ជិត ២០០ មុខ​ដែល​ប្រើ​គ្រឿង​ផ្សំ​ពី​ដូង៕

អត្ថបទ៖ លីនី
ប្រភព៖ VNexpress