ដំណាំដូងរបស់កម្ពុជា ត្រូវបានវាយតម្លៃហានិភ័យសមាសភាពចង្រៃ ដោយអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ហើយអាចនឹងឈានទៅដល់ការចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ ទៅកាន់ប្រទេសចិននាពេលខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ នេះ។
អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំក្រុមការងារនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានចូលរួមវាយតម្លៃហានិភ័យសមាសភាពចង្រៃលើដំណាំដូងកម្ពុជាសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។
ការវាយតម្លៃខាងលើនេះ គឺមានការចូលរួមដោយក្រុមការងារជំនាញនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ដែលដឹកនាំដោយលោកស្រី Chen Yongqing មន្រ្តីគយជាន់ខ្ពស់ប្រចាំខេត្តក្វាងចូវ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងតំណាងស្ថានទូតចិនប្រចាំប្រទេសកម្ពុជាដឹកនាំដោយ Dr.Wang Xiangshe មន្រ្តីជាន់ខ្ពស់ស្ថានទូតចិនប្រចាំនៅកម្ពុជាទទួលបន្ទុកការងារកសិកម្ម ដែលនឹងប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីឈានដល់ការរៀបចំនិងការចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន៕











អត្ថបទ៖ លីនី


