ADB ផ្ដល់ប្រាក់កម្ចី១០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពល​កម្មនៅក្នុង​ប្រទេសកម្ពុជា
សេដ្ឋកិច្ច August 1, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន១០០ លានដុល្លារដើម្បីជួយលើក កម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជាដោយដោះស្រាយគម្លាត និងកង្វះខាត ជំនាញ ។ ការងារនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការ វិនិយោគ លើ វិស័យអប់រំ និងបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) រួមជាមួយនឹង ការចូលរួម ពី វិស័យឯកជន។ នេះបើ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។

បើតាម ADB កម្មវិធីរងទីមួយនៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹង និងជំរុញដោយបច្ចេកវិជ្ជាតាមរយៈការ ពង្រឹងធនធានមនុស្សដោយផ្តោតលើការលើក កម្ពស់ បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេសផ្តល់ការ បណ្តុះបណ្តាលប្រកបដោយ បរិ យា បន្ន ដែលនាំមុខដោយឧស្សាហកម្មនិងកៀរគរមូលនិធិបន្ថែមសម្រាប់ ការអភិវឌ្ឍជំនាញ ដែលផ្តោតលើតម្រូវការ។

លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការកែទម្រង់កម្លាំងពលកម្មនិងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជាទាមទារឱ្យមានកំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគ ជាបន្តបន្ទាប់ឱ្យទាន់ពេលវេលា។ លោកស្រីគូសបញ្ជាក់ថា៖ «កំណែទម្រង់រចនា សម្ព័ន្ធ និងស្ថាប័ន TVET ទាំងនេះ មានសារៈសំខាន់សម្រាប់ការរៀបចំកម្ម វិធីបណ្តុះ បណ្តាល ដែលឆ្លើយតបនឹងតម្រូវការទីផ្សារធ្វើឱ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្តុះ បណ្តាលនិងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)»។

លោកស្រីបានបន្ដថា មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានសាកល្បងដោយរាជរដ្ឋាភិ បាល ក្រោមគម្រោង ជំនាញសម្រាប់ ភាពប្រកួត ឈ្នះ ផ្តល់ហិរញ្ញប្បទានដោយ ADB ដែល ត្រូវបានអនុម័តក្នុងឆ្នាំ២០១៩ ដើម្បីបង្កើនជំនាញនិងសមត្ថភាពប្រកួតប្រជែងនៃកម្លាំង ពលកម្មដែលកំពុងកើនឡើងរបស់កម្ពុជា។ ទន្ទឹមនេះ ការដាក់សាកល្បង SDF នេះបាននិង កំពុងឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលជំនាញសម្រាប់វិស័យឧស្សាហកម្មតាមរយៈ ភាពជាដៃគូសហហិរញ្ញប្បទានជាមួយស្ថាប័នរាជរដ្ឋាភិបាលផ្នែកឧស្សាហកម្មភ្នាក់ងារ ផ្តល់ការបណ្តុះបណ្តាលនិងដៃគូអភិវឌ្ឍន៍នានា។ ជាមួយគ្នានេះ បើតាម ADB បានកត់សម្គាល់ឃើញថា បញ្ហាប្រឈមសំខាន់ៗចំនួន បី រួមចំណែកជាឧបសគ្គទូទៅ ដែលកំពុងជាបញ្ហាប្រឈម សម្រាប់ប្រព័ន្ធ TVET កម្ពុជា គឺកង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញជាក់លាក់ និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន ភាពមានកម្រិតនៃតួនាទីរបស់វិស័យ ឯកជនក្នុងការអភិវឌ្ឍជំនាញ និងនៃចក្ខុវិស័យអន្តរកម្ម របស់ ឧស្សាហកម្មនានា និងការផ្តល់ហិរញ្ញប្បទាននិងភាពជាដៃគូមិនទាន់បានពេញលេញក្នុងការអភិវឌ្ឍជំនាញ។

សម្រាប់ការរួមគ្នានៃបញ្ហាប្រឈមទាំងនេះកំណត់ភាពអាចទទួល បានការងារធ្វើនិងផលិតភាពនៃកម្លាំង ពលកម្មបច្ចុប្បន្ននិងអនាគត ហើយអាចរារាំង ប្រទេសកម្ពុជាក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត ពីការធ្វើពិពិធកម្មនិងអន្តរកម្មទៅជា សេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ កម្មវិធីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយ ដោះស្រាយបញ្ហាប្រឈមទាំងនេះ។

យោងតាមរបាយការណ៍របស់ ADB បានឱ្យដឹងថា មានអ្នកធ្វើការប្រមាណ៩ លាននាក់ ក្នុងទីផ្សារការងារនៅកម្ពុជាដែលក្នុងនោះមាន ស្ត្រី ៤៩% នៃ កម្លាំង ពលកម្មទាំងនោះ។ គិតត្រឹមឆ្នាំ២០២១ប្រជាពលរដ្ឋកម្ពុជា៥៤% មានអាយុក្រោម៣០ ឆ្នាំ ដែលនេះបង្ហាញពី ឱកាសពិសេសមួយសម្រាប់ប្រទេសក្នុងការបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សដើម្បីបង្កើនជំនាញសម្រាប់និយោជិតថ្មីចូលទៅក្នុងទីផ្សារការងារនិងលើកកម្ពស់ជំនាញ របស់និយោជិតដែលកំពុងបំពេញការងារទៅតាមតម្រូវការឧស្សាហកម្មផងដែរ។

លោកស្រី Jyotsana Varma បានបញ្ជាក់បន្ថែមថា៖ «កម្មវិធីនេះគឺជាធាតុផ្សំ ដ៏សំខាន់ នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការពង្រឹងធនធាន មនុស្សនិងអភិវឌ្ឍន៍ វិស័យឯកជននិងទីផ្សារការងារ។ វាក៏អនុលោម តាមផែនការនិង យុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់រាជរដ្ឋាភិបាលក៏ដូចជា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣»៕

ប្រភព៖ ក្រសួងព័ត៌មាន