តម្លៃអង្ករនៅអាស៊ី បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ បន្ទាប់ពីប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញភាគច្រើនរបស់ខ្លួន ដែលការហាមឃាត់នេះបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
យោងតាមទិន្នន័យពីសមាគមអ្នកនាំចេញអង្ករថៃ បានឱ្យដឹងថា តម្លៃអង្ករបាក់ ៥% របស់ថៃ ដែលជាអង្ករស្តង់ដារអាស៊ី បានកើនឡើងដល់ ៥៧២ដុល្លារក្នុងមួយតោន ដែលជាតម្លៃថ្លៃបំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២០ ហើយនោះក៏ជាការកើនឡើង ៧% បើធៀបនឹងរយៈពេលពីរសប្តាហ៍មុន។
គួរបញ្ជាក់ផងដែរថា ការទប់ស្កាត់របស់ប្រទេសឥណ្ឌា ដែលជាអ្នកនាំចេញអង្ករធំបំផុតរបស់ពិភពលោក បានធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងតម្លៃក្នុងស្រុក។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់លើការផ្គត់ផ្គង់កសិដ្ឋានដោយសារគ្រោះរាំងស្ងួត El Nino និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ទន្ទឹមនឹងនេះដែរ ស្ថានភាពអាចកាន់តែយ៉ាប់យ៉ឺន ខណៈប្រទេសថៃដែលជាប្រទេសនាំចេញអង្ករធំជាងគេទីពីរប្រឈមមុខនឹងស្ថានភាពគ្រោះរាំងស្ងួត ហើយបានស្នើឲ្យកសិករធ្វើស្រែតែមួយរដូវក្នុងឆ្នាំនេះ ហើយប្រទេសនេះក៏កំពុងវាយតម្លៃកម្រិតនៃទុនបំរុងរបស់ខ្លួនផងដែរ។
សូមជម្រាបផងដែរថា យោងតាមទិន្នន័យពីសមាគមអ្នកនាំចេញអង្ករថៃ បានឱ្យដឹងថា តម្លៃអង្ករបាក់ ៥% របស់ថៃ ដែលជាអង្ករស្តង់ដារអាស៊ី បានកើនឡើងដល់ ៥៧២ដុល្លារក្នុងមួយតោន ដែលជាតម្លៃថ្លៃបំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២០ ហើយនោះក៏ជាការកើនឡើង ៧% បើធៀបនឹងរយៈពេលពីរសប្តាហ៍មុន៕

អត្ថបទ៖ លីនី
ប្រភព៖ Bangkok Post


