ក្រសួងសាធារណការ នឹងចាប់ផ្ដើមយកកម្រៃលើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
សេដ្ឋកិច្ច July 25, 2023 Khmernote

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្ដើមយកកម្រៃ លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នេះ។

នៅក្នុងសេចក្ដីជូនដំណឹង ការយកកម្រៃនេះ ធ្វើឡើងដោយយោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៦៣៧៦ សហវ.ល.ស.អទច ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកកម្រៃសេវាសាធារណៈលើ ការបញ្ចូលថាមពលយានយន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឱ្យមាន គណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។

សូមជម្រាបថា ការយកកម្រៃនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតក្រោមការគ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយនឹងត្រូវគិតតម្លៃ ១.៦០០រៀល (មួយពាន់ ប្រាំមួយរយរៀល) ក្នុង១គីឡូវ៉ាត់ម៉ោង៕

អត្ថបទ៖ លីនី